ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ព្រមានថាខ្លួននឹងបិទខ្ទប់មិនឱ្យមានការនាំចេញថាមពលពីប្រទេសណាមួយនៅតំបន់មជ្ឈិមបូព៌ាជាដាច់ខាត។ ការប្រកាសដូច្នេះបន្ទាប់ពីលោកដូណាល់ត្រាំប្រកាសបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់មិនឱ្យកប៉ាល់គ្រប់ប្រភេទបើកចេញចូលកំពង់ផែរបស់អ៊ីរ៉ង់បានឡើយដោយសារអ៊ីរ៉ង់បន្តវាយប្រហារកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រហ័រម៉ូស។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ក៏វាយប្រហារកាន់តែខ្លាំងជាងមុនទៅលើប្រទេសដែលមានមូលដ្ឋានយោធារបស់អាមេរិកតាំងនៅ។ ចំណែកកិច្ចព្រមព្រៀងនៃបទឈប់បាញ់បណ្ដោះអាសន្ននោះក៏ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដែរទោះបីលោកត្រាំប្រកាសបើកចំហជានិច្ចសម្រាប់ការចរចាគ្នាយ៉ាងណាក្ដី។

ការវាយប្រហារសងសឹកគ្នាទៅវិញទៅមករវាងអាមេរិក និងអ៊ីរ៉ង់ដែលរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា គួបផ្សំនឹងការប្រកាន់ជំហរតែរៀងៗខ្លួនចង់គ្រប់គ្រងច្រកសមុទ្រហ័រម៉ូស កំពុងតែរុញច្រានតំបន់នេះទៅរកភ្នក់ភ្លើងសង្គ្រាមទ្រង់ទ្រាយធំសាជាថ្មី។ នៅអ៊ីរ៉ង់ គ្រាន់តែអាមេរិកវាយប្រហារកាលពីយប់មិញបណ្ដាលឱ្យរបួសមនុស្សជាង២៦០នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។ បើដូច្នេះមែន វាជាការឆ្លុះបញ្ចាំងឱ្យឃើញថាយោធាអាមេរិកចាប់ផ្ដើមបើកយុទ្ធនាការទម្លាក់គ្រាប់បែកកាន់តែខ្លាំង។

អ្នកនាំពាក្យអ៊ីរ៉ង់ថ្លែងថាប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្សជាង៣០នាក់បានស្លាប់។ ពាក់ព័ន្ធនឹងករណីវាយប្រហារកប៉ាល់ដឹកទំនិញនៅច្រកហ័រម៉ូសនោះ យោធាអ៊ីរ៉ង់មិនបានអះអាងថានោះជាស្នាដៃរបស់ខ្លួនទេ។ ប៉ុន្តែក្រុមអ្នកវិភាគអះអាងថានោះជាទង្វើរបស់អ៊ីរ៉ង់ច្បាស់ណាស់។ អ៊ីរ៉ង់ធ្វើដូច្នេះដើម្បីតថ្លៃនៅក្នុងការចរចារចារគ្នា។ ឆ្មាំបដិវត្តអ៊ីរ៉ង់ព្រមានថាពួកគេនឹងបិទខ្ទប់គ្រប់ច្រកទាំងអស់មិនឱ្យមានការនាំចេញថាមពលពីមជ្ឈិមបូព៌ាទេដើម្បីជាការបញ្ចេញប្រតិកម្មតបទៅនឹងការបិទខ្ទប់របស់អាមេរិក។ ពួកគេប្រកាសថាការនាំចេញប្រេងឆៅ និងហ្គាសពីតំបន់មជ្ឈិមបូព៌ាអាចមានផ្លូវ២ ទីមួយសម្រាប់ទាំងអស់គ្នា និងទី២មិនសម្រាប់នរណាម្នាក់ទេ។

លោកដូណាល់ត្រាំនៅពេលប្រកាសបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់ជាថ្មី លោកក៏បានបង្ហើបឱ្យដឹងពីគម្រោងយកលុយ២០%ពីកប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកហ័រម៉ូសផងដែរ។ ប៉ុន្តែក្រោយមកលោកប្រកាសលុបចោលគម្រោងនោះវិញត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលចាប់អនុវត្តការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយអះអាងថានេះជាការស្នើសុំរបស់បណ្ដាប្រទេសនៅឈូងសមុទ្រពែក្ស។ ទន្ទឹមនឹងការបិទខ្ទប់នេះ អាមេរិកក៏បានបើកការវាយប្រហារទៅលើទីតាំងជាច្រើនកន្លែងនៅអ៊ីរ៉ង់អស់រយៈពេល៧ម៉ោង។ ចំណែកអ៊ីរ៉ង់ក៏វាយប្រហារមូលដ្ឋានយោធាអាមេរិកផងដែរ។ តាំងពីព្រឹកព្រលឹមថ្ងៃនេះ ប្រទេសបារ៉េន និងគូវែតបានបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នដើម្បីឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះគ្រាប់មីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់។ ប្រទេសហ្សកដង់ប្រកាសថាខ្លួនបាញ់ធ្លាក់មីស៊ីលរបស់អ៊ីរ៉ង់៣គ្រាប់។ អ៊ីរ៉ង់ទទួលស្គាល់ថាខ្លួនពិតជាបានបាញ់មីស៊ីលចូលប្រទេសទាំងបីមែន៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ