ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើ​រដ្ឋបាល​ចំហ​បង្ក្រា.ប​ក្រុម​ឧក្រិដ្ឋជន​ឆបោ.ក​តាម​​បច្ចេក​​វិទ្យា ៣​នាក់​ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​នៅ​ក្រុង​បា​វិត

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​÷​មន្ត្រី​សាលាក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ លោក រ៉េ​ត រក្សា អភិបាលរង​ក្រុង​បា​វិត បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង ដើម្បី​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហ និង​បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)​។ ប្រតិបត្តិការ​នេះ​ស្ថិត​នៅ​ចំណុច​បុរី ឈុ​ន​ស៊ី​ង ស៊ី​ធី ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ផ្ទាល់​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា និង​លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។

សមាសភាព​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​ចម្រុះ​នេះ​រួម​មាន លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា លោក​អធិការរង​ក្រុង​បា​វិត លោក​មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង លោក​នាយករង​រដ្ឋបាល​ក្រុង មេ​ភូមិ​បា​វិត​លើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត និង​ក្រុមការងារ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ​។
ជា​លទ្ធផល​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហ​លើ​ផ្ទះល្វែង​ចំនួន ០៦​ខ្នង អាជ្ញាធរ​បាន​រក​ឃើញ​ជនបរទេស​សរុប​ចំនួន ១៧​នាក់ ដែល​មាន​ជនជាតិ​ចិន​ចំនួន ១៥​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន ០២​នាក់ ហើយ​ជនបរទេស​ខាងលើ សុទ្ធតែ​មាន​លិខិតឆ្លងដែន ព្រមទាំង​ទិដ្ឋាការ​ស្នាក់​នៅ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​។

ក្នុង​នោះ​ក៏​បាន​បង្ក្រាប​ទីតាំង​ផ្ទះ​លេខ DL06 ដែល​ជាទី​តាំង​សង្ស័យ​ខ្លាំង​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ០៣​នាក់ រួម​មាន​ជនជាតិ​ចិន ០១​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ ០២​នាក់​។ ជាមួយ​គ្នា​នេះ​ក្រុមការងារ​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​កុំព្យូទ័រ​យួរដៃ​ចំនួន ០៤​គ្រឿង ទូរ​សព្ទ​ដៃ​ផ្ទាល់ខ្លួន​ចំនួន ០៦​គ្រឿង ទូរ​សព្ទ​ដៃ​ចម្រុះ​ចំនួន ១៣​គ្រឿង ម៉ូតូ​ម៉ាក Honda Scoopy ចំនួន ០២​គ្រឿង និង​លិខិតឆ្លងដែន​ចំនួន ០១​ក្បាល​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​អនុវត្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។ ចំពោះ​ទីតាំង​កើតហេតុ​ខាងលើ​ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​សម្រេច​បិទ​ជា​បណ្តោះអាសន្ន ដើ​ម្ប​សម្របសម្រួល​តាម​ចំណាត់ការ​ច្បាប់​៕