ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នឹងទទួលរងឥទ្ធិពលពីព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) T2611 ដោយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។

នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ។ ក្រសួងនិយាយថា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ ។ ចំណែកព្យុះទី៩ បាវី (Bavi) នឹងរលាយបាត់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រីឯព្យុះទី១១ ឈ្មោះ ហៃសិន នេះ នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ។

ស្ថានភាពនេះ បានធ្វើអោយតំបន់សមុទ្រអាចនឹងមានភ្លៀងគ្របដណ្តប់ដល់ទៅ៦០ភាគរយ ។
ដូច្នេះ សូមបងប្អូនរស់នៅតំបន់សមុទ្រយកចិត្តទុកដាក់ ចំពោះស្ថានភាពអាកាសធាតុនេះ ខណ:តំបន់ខ្ពង់រាបអាចមានភ្លៀងគ្របដណ្តប់ ប្រហែល៤០ភាគរយ ហើយតំបន់ទំនាបប្រមាណ ៣០ភាគរយ ៕



ចែករំលែកព័តមាននេះ