ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន​ម៉ា​នី​ ៖ ភាពរឹងមាំ និង​ការ​រីក​ចម្រើន ​នៃ​សង្គម​ជាតិ​មួយ គឺ​ពិតជា​ត្រូវ​ចាប់ផ្តើម​ចេញពី​ការ​កសាង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​នេះឯង

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ភាពរឹងមាំ និង​ការ​រីក​ចម្រើន​ នៃ​សង្គម​ជាតិ​មួយ គឺ​ពិតជា​ត្រូវ​ចាប់ផ្តើម​ចេញពី​ការ​កសាង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​នេះឯង​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក ​។

នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ក្រុ​​ម​បាល់ទាត់ ស​.​ស​.​យ​.​ក​. អ​ល​ស្តារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​កីឡាករ​ក្រុមបាល់ទាត់ ​ស​.​ស​.​យ​.​ក​. អ​ល​ស្តារ (UYFC All Star FT) នៅ​អគារ The Kampus​ ។

ពិធី​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អនុប្រធាន ស​.​ស​.​យ​.​ក​. ឯកឧត្តម លោក​ជំទាវ អនុ​ប្រ​ធា សមាជិក សមាជិកា គណៈ​អចិន្ត្រៃយ៍ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវ​កិត្តិយស​ ដែល​ជា​ដៃគូ​សហការ​ឧបត្ថម្ភ កីឡាករ និង​ក្រុមការងារ​ចំណុះ​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. អ​ល​ស្តារ យ៉ាងច្រើន​កុះករ​ ។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម សំ​ហេង បុរស អនុប្រធាន​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. អ​ល​ស្តារ បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី និង​បាន​ឡើង​អាន​សេចក្តីសម្រេច​ទទួលស្គាល់​សមាសភាព​ជា​ផ្លូវការ​ ។

ជា​កិច្ច​បន្ទាប់ ឯកឧត្តម គួ​ច វែង​ស្រ៊ុ​ន អនុប្រធាន និង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. អ​ល​ស្តារ (UYFC All Star FT) បាន​ធ្វើ​របាយ​ការ​សង្ខេប និង​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ក៏​ដូច​ជា​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមបាល់ទាត់ ឱ្យ​មានដំណើរ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​ដាក់​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ដឹកនាំ​ស្មារតី​ក្រុម​ឱ្យ​មាន​សាមគ្គីភាព និង​វិន័យ​ខ្ពស់ រក្សា​ឱ្យ​បាន​ដាច់ខាត​នូវ​គោលការណ៍​ស្នូល បន្តសកម្មភាព​មនុស្សធម៌​ដើម្បី​បម្រើ​សង្គម​ជាតិ និង​ខិតខំ​ពង្រីក​សមាជិកភាព​បន្ថែម​ទៀត ក្រោម​ស្មារតី​រឹង​មាំ​គឺ «​កីឡា មិត្តភាព សប្បុរស​»​ ។

ថ្លែង​មតិ​ស្វាគមន៍​ទៅ​កាន់​អង្គពិធី ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. និង​ប្រធាន​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​.​អ​ល​ស្តារ បាន​ក៏​បាន​អបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សមាសភាព​កីឡាករ​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. អ​ល​ស្តារ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​នា​ពេល​នេះ​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកគ្រូ​បង្វឹក និង​កីឡាករ​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក​. អ​ល​ស្តារ កន្លង​មក ក្នុង​សកម្មភាព​សប្បុរសធម៌ និង​មនុស្សធម៌​ដើម្បី​ជួយ​ដល់​សង្គម​ជាតិ ព្រមទាំង​ប្តេជ្ញា​ចិត្ត​រួម​គ្នា​សម្រេច​បាន​នូវ​ទិស​ដៅ​ការងារ​របស់​ក្រុម​ទាំងមូល​។

ទន្ទឹង​នឹង​នេះ ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ជំនួប​គ្នា​ក្នុងថ្ងៃនេះ​មាន​សារៈសំខាន់​បំផុត ពីព្រោះ​កីឡា​បាន​នាំ​មក​នូវ​ឱកាស​ឱ្យ​យើង​បាន​ជួបជុំ​គ្នា និង​កសាង​នូវ​មិត្តភាព​។ ភាពរឹងមាំ និង​ការ​រីក​ចម្រើន​នៃ​សង្គម​ជាតិ​មួយ គឺ​ពិតជា​ត្រូវ​ចាប់ផ្តើម​ចេញពី​ការ​កសាង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​នេះឯង​។

សូម​ជម្រាប​ជូន​ថា គោលបំណង​សំខាន់​នៃ​ការ​បង្កើត​ក្រុម​នេះ​ឡើង គឺ​ឈរ​លើ​ស្មារតី «​កីឡា មិត្តភាព សប្បុរសធម៌​» ដើម្បី​ប្រមូលផ្តុំ​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ លើកកម្ពស់​សុខភាព សាមគ្គីភាព និង​បង្កើត​សកម្មភាព​សង្គម ស្រប​តាម​ទិស​ដៅ​យុទ្ធសាស្ត្រ «​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​»៕