ចោទប្រកាន់អតីតអគ្គនាយករងក្រសួងរ៉ែ និងថាមពល ពីបទហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើអា.វុ.ធខុសច្បាប់ ប្រឈមជាប់គុក២ ទៅ៥ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា ករណីអតីតអគ្គនាយករងក្រសួងរ៉ែ និងថាមពល ត្រូវបានតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២១៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ ។

មាត្រា២១៨ស្ថានទម្ងន់ទោស ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល កាលបើហិង្សានេះ បានប្រព្រឹត្ត ៖
១-ដោយមានការគិតទុកជាមុន។
២-ដោយប្រើអាវុធ ឬគំរាមកំហែង និងអាវុធ ។
៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហការី អ្នកផ្តើមគំនិត និងអ្នកសម
គំនិត។
មាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ ៖ ជនណាដែលបំពាក់ដាក់តាមខ្លួនកាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងរំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ២ឆ្នាំ និងពិន័យជាប្រាក់ពី៥០ម៉ឺនរៀល ដល់២លានរៀល ។ ដូច្នេះ បើយោងតាមបទល្មើសដូចការចោទប្រកាន់ខាងលើនេះ អតីតអគ្គនាយករងក្រសួងរ៉ែ និងថាមពល ប្រឈមមុខជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការណ៍ហើយ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុជម្រះលើអង្គសេចក្តីទាំងមូល ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបញ្ជូនខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អតីតអគ្គនាយករងក្រសួងរ៉ែ និងថាមពលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើករថយន្តដេញបាញ់រថយន្តមួយគ្រឿងទៀត បណ្ដាលឱ្យកូនប្រុសបង្កើតរងរបួសជាទម្ងន់ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតនៅភូមិជ្រេស សង្កាត់គោក រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តម៉ាក Ford Ranger ពណ៍.ស ពាក់ស្លាកលេខរដ្ឋ ១៦.២ ១៩៦៩ គ្រឿង បើកប្រដេញតាមបុករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AY.៥៣៨១ ដោយសង្ស័យថា ជារថយន្តរបស់ប្រពន្ធដែលកំពុងធ្វើដំណើរជាមួយបុរសផ្សេង ។
តាមកំហឹងកំពុងពុះកញ្ជ្រោល នឹងដោយភ្លើងប្រចណ្ឌ អតីតអគ្គនាយករងក្រសួងរ៉ែ និងថាមពលរូបនោះ បានដកអាវុធបាញ់គំរាម ក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងអត់មានភ្នែក បានហោះទៅត្រូវពោះកូនប្រុសបង្កើត បណ្តាលឲ្យរងរបួសជាទម្ងន់។
ប៉ុន្តែទោះជាយ៉ាងណាក្តី ករណីផ្ទុះអាវុធធ្វើឲ្យមានការភ្ញាក់ផ្ញើលទាំងយប់ នាកណ្តាលរាជធានីភ្នំពេញនេះ ជនបង្កត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌព្រែកព្នៅ ចុះទៅឃាត់ខ្លួនភ្លាមៗ ដែលជនសង្ស័យមិនបានរត់គេចពីកន្លែងកើតហេតុដែរ ៕

ចែករំលែកព័តមាននេះ