ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តស៊ូពីព្រលឹមទល់ព្រលប់! ​ក្រុមអ្នក​បង់​សំណាញ់​ឈរ​លើបង្កាន់ស្ពានកម្ពស់ ១០ម៉ែត្រ ប្រឈមគ្រោះថ្នា.ក់ ដើម្បីជីវភាពគ្រួសារ

3 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ​​អ្នកបង់សំណាញ់​មួយក្រុមមានគ្នា​ប្រមាណ​ជាង 10 នាក់ បាន​ឈរ​បង់សំណាញ់​នៅ​លើ​បង្កាន់ដៃស្ពាន ដែល​មាន​កម្ពស់​១០​ម៉ែត្រ​រៀងរាល់ថ្ងៃ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ក្រុម​អ្នកនេសាទ​​ទាំងនេះ បាន​នាំ​គ្នា​ទៅ​បង់សំណាញ់​រៀងរាល់ថ្ងៃ នៅ​លើ​បង្កាន់ដៃស្ពាន​កំពង់​ខ្សាច់ ដែល​ស្ថិត​ក្នុង​ឃុំ​ពោ​ធិ៍​រៀង ស្រុក​ពោ​ធ៍​រៀង ខេត្តព្រៃវែង ដោយពេល​ត្រី​ត្រូវ​ខ្លាំង ចំនួន​អ្នក​បង់សំណាញ់​មាន​ប្រមាណ​ជាង 20 នាក់ ហើយ​ពេល​ដែល​បង់​លែង​សូវ​ត្រូវ ក៏​ថយ​ចុះ​នៅ​សល់​ប្រមាណ​ជាង 10 នាក់​ប៉ុណ្ណោះ​។

ក្រុម​អ្នក​បង់សំណាញ់​ទាំងនេះ​បាន​ឲ្យ​ដឹង​ថា ​ពួក​គាត់​អ្នក​ខ្លះមក​ពី​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ ខ្លះមក​ពី​ក្រុង​ព្រៃវែង និង​ខ្លះ​ទៀត​ជា​អ្នកស្រុក​នៅ​ឃុំ​ពោ​ធិ៍​រៀង​នេះ​តែ​ម្ដង ដោយ​ពួក​គាត់​នាំ​គ្នា​បង់សំណាញ់​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ព្រលប់ មេឃងងឹត​​មើល​លែង​ឃើញ​តែ​ម្ដង ហើយ​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​ត្រី​បាន​ចន្លោះ​ពី ៥ ទៅ ១០​គីឡូ និង​លក់​បាន​លុយ​ប្រមាណ​ពី ១០ ទៅ ២០​ម៉ឺន​រៀល ហើយ​ត្រី​ដែល​បង់​បាន​ មិនបាច់​យក​ទៅ​លក់​នៅ​ផ្សារ​ទេ ព្រោះ​មាន​អ្នកដំណើរ​មក​ឃើញទិញ​យក​អស់​តែ​ម្ដង ព្រោះ​គេ​ចូល​ចិត្ត​ត្រី​ទន្លេ​ធម្មជាតិ​។

ក្រុម​អ្នកនេសាទ​ទាំងនេះ​បាន​បញ្ជាក់​ថា មុខរបរ​នេសាទ​របស់​ពួក​គាត់​នឿយហត់​ខ្លាំង និង​ប្រថុយ​គ្រោះថ្នាក់​ផង​ដែរ ដោយ​ឈរ​បង់សំណាញ់​លើ​បង្កាន់ដៃស្ពាន​កម្ពស់ 10 ម៉ែត្រ​ពី​ទឹក ពេល​ខ្លះ​បង់សំណាញ់​ទៅ ​ដោយ​ទាំង​មនុស្សធ្លាក់​ចូល​ក្នុង​ទឹក​ ឈ្លក់​ស្ទើរ​ស្លាប់​ក៏មានដែរ ប៉ុន្តែ​ចេះ​តែ​ទ្រាំ​ៗ​ទៅ ដើម្បី​ជីវភាព​គ្រួសារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នកនេសាទ​ក្លាហាន​ទាំងនេះ បាន​នាំ​គ្នា​មក​បង់សំណាញ់​នៅ​លើ​បង្កាន់ដៃស្ពាន​កំពង់​ខ្សាច់ រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ចំណែក​ត្រី​ដែល​ពួក​គាត់​បង់​បាន​ភាគច្រើន​ជា​ត្រី​តូច​ៗ​ប្រភេទ​ត្រី​ឆ្លាំង ត្រី​​ច្រកែង​ ត្រី​អណ្ដែង ត្រី​កេះ​ជាដើម ហើយ​យូរ​ៗ​ក៏​ចូល​បាន​ត្រី​ធំ​ម្ដង ប្រភេទ​ត្រី​ប្រា ត្រី​ពោ​ធិ៍ និង​ត្រី​ឆ្កោក​ជាដើម​ ៕​