អង្គការឧតុនិយមពិភពលោកបានព្រមានអំពីផលប៉ះពាល់ដល់សុខភាពដោយសារបាតុភូត អែលនីណូ ដោយតម្រូវអោយប្រទេសនានារួមទាំងកម្ពុជាបង្កើនការប្រុងប្រយ័ត្ន ។

ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីវិធានការណ៍នៅពេលដែលកម្ពុជា និងពិភពលោកប្រឈមមុខនឹងបាតុភូតអែលនីណូ ។
ក្រសួងបានរំលឹកជាថ្មី នៅថ្ងៃទី១៩ ខែតុលាថា បាតុភូតនេះនឹងមកដល់នៅចុងខែនេះ ហើយអូសបន្លាយ ដល់ខែកុម្ភៈ ឆ្នាំ២០២៧ ហើយរំលឹកនូវវិធានការសម្រាប់បង្ការខ្លះៗ ។
ក្រៅពីក្រសួង អង្គការឧតុនិយមពិភពលោកវិញក៏បានពញាក់មិនមែនតែកម្ពុជានោះទេ គឺពិភពលោក អំពីបាតុភូតនេះ ។

អង្គការនេះ បានអំពាវនាវឱ្យប្រទេសនានា និងសហគមន៍ចាត់វិធានការជាបន្ទាន់ ដើម្បីត្រៀមខ្លួន និងកាត់បន្ថយហានិភ័យចំពោះសុខភាពដែលបង្កឡើងដោយបាតុភូតអែលនីណូ ។
អង្គការនេះបានព្រមានថា អែលនីណូ អាចកាន់តែខ្លាំងនៅចុងឆ្នាំ២០២៦ និងបង្កើនហានិភ័យនៃរលកកម្ដៅខ្លាំង ទឹកជំនន់ និងគ្រោះរាំងស្ងួត ។
នៅចំពោះមុខការគំរាមកំហែងនេះ អង្គការបានរំលឹកឲ្យ រដ្ឋាភិបាល អាជ្ញាធរសុខាភិបាល និងអង្គការសហគមន៍ ត្រូវសហការជាមួយសេវាឧតុនិយម ដើម្បីត្រៀមទប់ទល់នឹងផលប៉ះពាល់នៃអាកាសធាតុខ្លាំង មុនពេលវិបត្តិកើតឡើង។
អង្គការនេះបានជំរុញឲ្យអាជ្ញាធរនានា ត្រូវចាត់ទុករលកកម្ដៅជាហានិភ័យសុខភាពសាធារណៈដែលអាចព្យាករណ៍ និងត្រៀមវិធានការការពារជាមុន ជាពិសេសសម្រាប់មនុស្សចាស់ កុមារ អ្នកធ្វើការក្រៅផ្ទះ និងអ្នកមានជំងឺប្រចាំកាយ។
ក្រៅពីនោះប្រទេសនានាក៏ត្រូវពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបជំងឺ ដែលបង្កដោយមូស ដូចជា គ្រុនចាញ់ និងគ្រុនឈាម ព្រមទាំងហានិភ័យជំងឺអាសន្នរោគ និងកង្វះអាហារូបត្ថម្ភ ដែលអាចកើនឡើងដោយសារគ្រោះរាំងស្ងួត ឬទឹកជំនន់។
អង្គការនេះបានរំលឹកថា សូមកុំរង់ចាំរហូតដល់អែលនីណូបង្កវិបត្តិ ទើបចាត់វិធានការ ។ ប្រទេសនានាគួរតែប្រើការព្យាករណ៍អាកាសធាតុ ដើម្បីត្រៀមការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ពីកម្ដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់ជាមុន៕
ចែករំលែកព័តមាននេះ