ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ណាល័យ​វិទ្យាសាស្ត្រ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

54 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ការ​បង្កើត​បណ្ណាល័យ​វិទ្យាសាស្ត្រ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​» ដែល​ជា​គម្រោង​ផ្តល់​ផល​រហ័ស (Quick Impact Project) ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​វិទ្យាល័យ អន្លង់​វិល ក្នុង​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី ​១៩ ខែតុលា ឆ្នាំ​ ២០២៦ ​។ ពិធី​សម្ពោធ​បណ្ណាល័យ​វិទ្យាសាស្ត្រ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​រួម​គ្នា រវាង ឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងលោកស្រី​បណ្ឌិត ថា​នូ ព្រី​យ៉ា (Tanu Priya) ភារៈធារី​ស្តីទី នៃ​ស្ថានទូត​ឥណ្ឌា និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​តំណាង​សហគមន៍​ជា​ច្រើន​រូប​ផង​ដែរ ​។

នៅ​ក្នុង​ប្រសាសន៍​សំណេះសំណាល លោកស្រី​បណ្ឌិត ថា​នូ ព្រី​យ៉ា បាន​គូសបញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស៊ីជម្រៅ និង​យូរអង្វែង រវាង​ឥណ្ឌា និង​កម្ពុជា ព្រមទាំង​បាន​សង្កត់ធ្ងន់​ថា អប់រំ នវានុវត្តន៍ និង​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ គឺជា​សសរស្ដម្ភ​ដ៏​សំខាន់​នៃ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​។ លោកស្រី​បាន​បន្ថែម​ថា បណ្ណាល័យ​វិទ្យាសាស្ត្រ​នេះ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​សិស្សានុសិស្ស លោកគ្រូ​-​អ្នកគ្រូ និង​ប្រជា​សហគមន៍​មូលដ្ឋាន ទទួល​បាន​សៀវភៅ​វិទ្យាសាស្ត្រ ឧបករណ៍​ពិសោធន៍​ជាក់ស្តែង កុំព្យូទ័រ និង​សម្ភារ​សិក្សា​អនុវត្ត​ផ្ទាល់ ដែល​បង្កើត​បានជា​បរិយាកាស​លើកកម្ពស់​គំនិត​ចង់​ដឹង​ចង់​ឃើញ ការ​សាកល្បង និង​ការ​ស្វែងរក​របកគំហើញ​ថ្មី​ៗ​។
កាលពី​ខែមករា ឆ្នាំ ​២០២៦ កន្លង​ទៅ បណ្ណាល័យ​វិទ្យាសាស្ត្រ​ស្រ​ដៀង​គ្នា​នេះ​មួយ ក៏​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ផង​ដែរ នៅ​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​ ។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទី​ ៤ ដែល​ជា​គម្រោង​ផ្តល់​ផល​រហ័ស មួយ​ថ្មី​ទៀត រវាង​ស្ថានទូត​ឥណ្ឌា និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់​ការ​សាងសង់ប​​ណ្ណា​ល័យ​វិទ្យាសាស្ត្រ​នៅ​ខេត្តកំពង់ធំ រំពឹង​ថា​នឹង​ត្រូវ​ចុះហត្ថលេខា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និត​រវាង​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​ការ​អប់រំ​ ។

គំនិត​ផ្តួចផ្តើម​ទាំងនេះ ត្រូវ​បាន​គាំទ្រ​ក្រោម​ក្របខ័ណ្ឌ កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​គង្គា (Mekong–Ganga Cooperation ) ដែល​តាម​រយៈ​នេះ ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ថវិកា​គាំទ្រ​ដល់​គម្រោង​ផ្តល់​ផល​រហ័ស ចំនួន ១០ ក្នុង​មួយ​ឆ្នាំ​ៗ នៅ​កម្ពុជា លើ​វិស័យ​អាទិភាព​នានា ដូច​ជា ការ​អប់រំ សុខាភិបាល ការ​លើកកម្ពស់​ស្ត្រី អនាម័យ និង​កសិកម្ម​។ គិត​មក​ទល់​ពេល​នេះ ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ជំនួយ​តាម​រយះ​គម្រោង​ផ្តល់​ផល​រហ័ស​នេះ ជា​សរុប​ចំនួន ៧៥​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ ៥៥ គម្រោង​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង ២០ គម្រោង​ទៀត​កំពុង​ដំណើរការ​អនុវត្ត ដោយ​គម្រោង​ទាំងអស់​សុទ្ធតែ​ឆ្លើយ​តប​ទៅ​និង​តម្រូវការ និង អាទិភាព​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។

ប្រទេស​ឥណ្ឌា នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​ក្នុង​ការ​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ ក្រោម​គោលនយោបាយ ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិស​ខាងកើត (Act East Policy) ដែល​ផ្អែក​លើ​ចំណង​ប្រវត្តិសាស្ត្រ និង​អារ្យធម៌​រួម​គ្នា​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​របស់​កម្ពុជា​ ៕