ផ្ទះឈើ១ខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេច សមត្ថកិច្ចទប់ស្កាត់ទាន់ មិនរាលដាលដល់វីឡាធំ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ជំនោរខែកត្តិកកាន់តែខិតជិតដល់ ខ្យល់បក់មកពីទិសខាងជើងស្លឹកឈើក្រៀមស្វិតស្រពោនងាយបង្កអគ្គិភ័យ ពេលណាដែលយើងមានការធ្វើប្រហែស ។

ជាក់ស្ដែង លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង សាងសង់អំពីឈើនៅឃុំស្វាយទាប ស្រុកចំការលើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅសល់តែជើងតាង សំណាងណាស់ មិនបានឆេះឆ្លងដល់វីឡាធំៗ បើពុំនោះនឹងបង្កមហន្តរាយធំ ។

តាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៩ តុលា ឆ្នាំ២០២៦ថា ចំពោះផ្ទះដែលបានឆាបឆេះនោះ គឺជាកម្មសិទ្ធិរបស់ជាងម៉ូតូម្នាក់ ដែលសាងសង់នៅផ្នែកខាងក្រោយហើយធ្វើវីឡានៅខាងមុខ ផ្ទះឈើនោះ គឺមានសាច់ញាតិម្នាក់ដែលនៅចាំមើលថែទាំរាល់ថ្ងៃ តែពេលកើតហេតុ គាត់បានដើរចេញទៅក្រៅបាត់ ។

នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ខែតុលា នៅចំណុចភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ បណ្ដាលឱ្យឆេះផ្ទះ០១ខ្នង ទំហំ៦ម៉ែត្រ x ១៥ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង (ផ្ទះថ្មល្វែងខាងមុខផ្ទះឈើខាងក្រោយ) មានម្ចាស់ឈ្មោះ អេង ធារ៉ា ភេទ ប្រុស អាយុ៤៨ឆ្នាំ ។

សមត្ថកិច្ចមូលដ្ឋានបានបន្តដឹងទៀតថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញផ្ទាល់ ចេញរថយន្ដអន្ដរាគមន៍ពន្លត់ភ្លើងចំនួន០៣គ្រឿង ក្នុងនោះ រថយន្ដពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកចំការលើ០១គ្រឿង, ស្រុកព្រៃឈរ០១គ្រឿង និងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿង ប្រើប្រាស់ទឹកអស់៤រថយន្ដ ទើបភ្លើងរលត់អស់ មិនបណ្ដាលឱ្យឆេះរីករាលដាលបន្ដ ។ ការខូចខាតឆេះផ្ទះ០១ខ្នង និងសម្ភារៈមួយចំនួន មូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចបានបន្ថែមទៀតថា ក្នុងហេតុការណ៍នោះ អគ្គិភ័យបានរលត់១០០% ទើបលោកឧត្តមសេនីយ៍ស្នងការ និងមន្ត្រីក្រោមឱវាទ បានត្រឡប់មកកាន់អង្គភាពវិញ ហើយចាត់ទុកជាសំណាងដែលចុះអន្តរាគមន៍ទាន់ពេល បើពុំនោះភ្លើងនៅឆេះរាលដាលដល់ផ្ទះវីឡានៅក្បែរនោះជាក់ជាមិនខាន ។







ចែករំលែកព័តមាននេះ