ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន កម្ពុជា​-​ប៉ូ​ឡូញ

13 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោកស្រី Iwona Kmiecik ស្ថាបនិក និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន IM Capital Holding និងសហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ​។

ក្នុង​ឱកាស​នៃ​ជំនួប​នេះ​, លោកស្រី​អគ្គ​នាយិកា​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ និង​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​អាជីវកម្ម និង​គម្រោង​នានា​របស់​ក្រុមហ៊ុន​ដំណើរការ​ទៅ​យ៉ាង​រលូន​, ជោគជ័យ និង​បន្ត​វិ​វ​ឌ្ឍ​ទៅ​មុខជា​លំដាប់ ​។

លោកស្រី​បាន​បន្ត​ថា ជាមួយនឹង​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ដែល​ជា​បុ​រេ​លក្ខខណ្ឌ​ដ៏​សំខាន់​សម្រាប់​វិនិយោគិន បាន​ផ្ដល់​ទំនុកចិត្ត​យ៉ាង​រឹង​មាំ​ដល់​ជនបរទេស និង​វិនិយោគិន​អន្តរជាតិ ​។

បន្ថែម​លើ​នេះ​, លោកស្រី​ក៏​បាន​គូសបញ្ជាក់​អំពី​ផែនការ​ពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​មាន​គម្រោង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់​ៗ​ផ្សេង​ទៀត​។ ជាមួយនឹង​កំណើន ​នៃ​ចំណាប់អារម្មណ៍​កាន់តែ​ច្រើន​របស់​ក្រុមហ៊ុន និង​សហគ្រាស​ប៉ូ​ឡូញ​មក​លើ​ទីផ្សារ​កម្ពុជា​, លោកស្រី​ក៏​បាន​គោរព​ស្នើ​សុំ​ការ​គាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា លើ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​រៀបចំ​វេទិកា​ធុរកិច្ច​ប៉ូ​ឡូញ​-​កម្ពុជា និង​ការ​បង្កើត​សភាពាណិជ្ជកម្ម​ប៉ូ​ឡូញ​-​កម្ពុ​ជានា​ពេល​ខាង​មុខ ដើម្បី​ផ្សារ​ភ្ជាប់​វិស័យ​ឯកជន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​ស៊ីជម្រៅ​ ។

ជា​ការ​ឆ្លើយ​តប​, សម្តេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក​របស់​លោកស្រី​អគ្គ​នាយិកា​ក្រុមហ៊ុន ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​កា​រត​ភ្ជាប់​ធុរកិច្ច​ ។

សម្តេច​ធិ​បតី បាន​គូស​រំលេច​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​, ជាមួយនឹង​គោលនយោបាយ​គាំទ្រ និង​ការ​លើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ទេសចរណ៍ និង​អន្តោប្រវេសន៍ ដែល​រួម​មានការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និក​( E-Visa) និង​ច្រក​ទ្វារ​អន្តរជាតិ​ស្វ័យប្រវត្តិ (Smart Gates) នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ដែល​សុទ្ធតែ​ជា​កត្តា​អំណោយផល​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ​។

ព្រម​ជាមួយ​គ្នា​នេះ​, សម្តេច​ធិ​បតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ចម្រុះ និង​ទូលំទូលាយ ដែល​ត​ភ្ជាប់​អ្នកទេសចរ​ឱ្យ​ហួស​ពី​តំបន់​កោះ និង​ឆ្នេរសមុទ្រ ឆ្ពោះទៅ​កាន់​ប៉ូ​ល​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្សព្វផ្សាយ​អំពី​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក ​។

មុន​នឹង​បញ្ចប់​, សម្តេច​ធិ​បតី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ការ​គ្រោង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ធុរកិច្ច​ប៉ូ​ឡូញ​មក​កាន់​កម្ពុ​ជានា​ពេល​ខាង​មុខ និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន IM Capital Holding បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់​ពន្ធ​កម្ពុជា​, ជា​ពិសេស​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ក្រសួងទេសចរណ៍ និង​ក្រុមប្រឹក្សា​ទេសចរណ៍​កម្ពុជា ដើម្បី​ពិភាក្សា​លម្អិត​បន្ថែម សំដៅ​ប្រែក្លាយ​ផែនការ និង​គំនិត​ផ្តួចផ្ដើម​ខាងលើ​ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្ដែង និង​ធានា​បាន​នូវ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​សម្រាប់​រយៈពេល​វែង​ ៕