រាជធានីភ្នំពេញ ៖ ព្យុះសង្ឃរា «ចម្ពី» បន្តមានឥទ្ធិពល ខណៈភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី២០ ដល់ ២២ តុលានៅតែបន្តមាននៅកម្ពុជា ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី២០ ខែតុលានេះថា ព្យុះទី៣០ ឈ្មោះ ចម្ពី(Champi)T2630 បានវិវត្តទៅជាព្យុះសង្ឃរា ហើយនៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះសង្ឃរា ចម្ពី នេះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០% ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០% ។ ដោយឡែកចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ៕


ចែករំលែកព័តមាននេះ