ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​ ទុក​ពេល​ឲ្យ​លោក អ៊ុំ សំ​អាន ត្រឹម​ដំណាច់​ខែតុលា ​ចូល​មក​ស្រុក​ខ្មែរ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​បញ្ជាក់​ថា សម្ដេច​ទុក​ពេល​ឱ្យ​លោក អ៊ុំ សំ​អាន ត្រឹម​ដំណាច់​ខែតុលា​នេះ ដើម្បី​សម្រេចចិត្ដ​ថា​ ត្រូវ​មក​កម្ពុជា​ផ្ទាល់ ឬ​ចាត់​តំណាង ឬ​ក្រុម​តំណាង ដែល​អាច​ជា​អ្នក​នៅ​ក្រៅប្រទេស ឬ​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រាប់​ក៏​បាន មក​ចូលរួម​ជជែក​តទល់​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ​នៅ​ចន្លោះ​បង្គោល​លេខ៥២-៥៩ ​ជាមួយ​គ្នា ​។

ការ​កំណត់​នេះ ​គឺជា​ការ​ឆ្លើយ​តប​នឹង​លោក អ៊ុំ សំ​អាន ក្រោយ​អ្នកនយោបាយ​ប្រឆាំង​នៅ​ក្រៅប្រទេស​រូប​នេះ បាន​ផ្ញើ​លិខិត​ជា​លើក​ទី​ពីរ​ជូន​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ នា​ពេល​ថ្មី​ៗ ស្នើ​ឱ្យ​រៀបចំ​កិច្ច​ពិ​ភាក្សា​នៅ​ដើមខែ​វិច្ឆិកា​ ខាង​មុខ ​។

តាម​រយៈ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦​នេះ សម្ដេច​ធិ​បតី លើក​ឡើង​ទៀត​ថា អំឡុង​ពេល​សម្ដេច​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស លោក អ៊ុំ សំ​អាន បាន​ចេញ​សារ​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​សម្ដេច​យល់​ថា​ សារ​ទាំងនោះ​ហាក់ជា​ការ​និយាយ​ដដែល​ៗ គឺ​បង្ហាញ​ថា ​លោក អ៊ុំ សំ​អាន មិន​ហ៊ាន​មក​កម្ពុជា​នោះ​ទេ ទោះបីជា​មានការ​ធានា​ពី​សុវត្ថិភាព​ច្បាស់លាស់​ក៏​ដោយ​។ ម្យ៉ាងវិញទៀត លោក អ៊ុំ សំ​អាន ក៏​អត់​មាន​មូលដ្ឋាន​ភស្តុ​តាង ឬ​ឯកសារ​ព្រំដែន​ច្បាស់លាស់​ដែរ បាន​ត្រឹម​បង្ហើប​ថា ភស្តុ​តាង​របស់​លោក​បាន​មក​ពី​លឺ​គេ​ថា​, លឺ​តាម​ព័ត៌មាន​ដូច​ជា​អាស៊ី​សេរី និង​ចុង​ក្រោយ​ថា ​អត់​មាន​អ្វី​ច្បាស់លាស់​ទេ ទាល់តែ​បារាំង​បាន​មាន​។ ត្រង់​ចំណុច​នេះ នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​ចោទ​ជា​សំណួរ​ថា​៖ “​ឆ្ងល់​ដែរ​ថា ចុះ​ពេល​ដែល​គាត់​ចោទ​រាជរដ្ឋាភិបាល​ថា​កាត់​ដី​ឱ្យ​ថៃ តើ​ផ្អែក​លើ​មូលដ្ឋាន​អ្វី​ទៅ​វិញ​ចឹ​ង ?​” ។

ទន្ទឹម​នេះ សម្ដេច​ធិ​បតី​នៅ​តែ​មើលឃើញ​ថា តាម​រយៈ​សារ​របស់​លោក អ៊ុំ សំ​អាន គឺ​លោក​ព្យាយាម​គេចវេះ​តាម​រយៈ​ការ​បង្កើត​លក្ខខណ្ឌ​នានា ដើម្បី​បង្វែរ​ពី​ការ​ដែល​លោក​ត្រូវ​ចូល​មក​បង្ហាញ​ភស្តុ​តាង ជុំវិញ​ការ​ចោទ​រាជរដ្ឋាភិបាល​ថា​ បាន​កាត់​ដី​ឱ្យ​ថៃ​នៅ​ចន្លោះ​បង្គោល​លេខ​៥២-៥៩ ទៅ​ជា​ការ​ទាមទារ​ឱ្យ​លើកលែងទោស​ទៅ​វិញ​។ តែ​ទោះជា​បែប​នេះ​ក្ដី នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ថា ទ្វារ​ក៏​នៅ​មិន​ទាន់​បិទ​ដែរ គឺ​នៅ​មាន​ជម្រើស​បន្ថែម​មួយទៀត​ក្នុង​ករណី​អ្នកនយោបាយ​ប្រឆាំង​រូប​នេះ​ មិន​ហ៊ាន​មក​ផ្ទាល់​។ ជម្រើស​នោះ​ គឺ​អាច​ចាត់តាំង​តំណាង ឬ​ក្រុម​តំណាង ដែល​អាច​ជា​អ្នក​មក​ពី​ក្រៅប្រទេស ឬ​អាច​ជា​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រាប់​ក៏​បាន ដើម្បី​ចូល​មក​ជជែក ផ្ទៀងផ្ទាត់ បញ្ហា​ព្រំដែន​ជាមួយ​គ្នា​នៅ​ចន្លោះ​បង្គោល​លេខ​៥២-៥៩​ ។

ក្នុង​ករណី​យល់ព្រម​ចាត់តាំង​តំណាង ឬ​ក្រុម​តំណាង​មក​ចូលរួម សម្ដេច​ថា លោ ក អ៊ុំ សំ​អាន ត្រូវ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន គឺ​ត្រូវ​ប្រគល់​សិទ្ធិ​ពេញលេញ​ឱ្យ​ពួក​គេ​ជា​តំណាង​ក្នុង​ការ​ជជែក ផ្ទៀងផ្ទាត់​ជាមួយ​ក្រុមការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​, ត្រូវ​ប្រគល់​រាល់​ឯកសារ ភស្តុ​តាង និង​សាក្សី​ទាំងអស់ ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា​-​ថៃ​ ចន្លោះ​បង្គោល​លេខ​៥២-៥៩ ឱ្យទៅ​ក្រុម​តំណាង ដើម្បី​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ជជែក និង​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់លាស់ នៅ​ដើមខែ​វិច្ឆិកា​ ដូច​បាន​ស្នើ​សុំ​។ ជាមួយ​គ្នា លោក អ៊ុំ សំ​អាន ក៏​ត្រូវ​ទទួលស្គាល់​ចំពោះ​រាល់​ខ្លឹមសារ​របស់​តំណាង ឬ​ក្រុម​តំណាង លើក​មក​ជជែក ផ្ទៀងផ្ទាត់​គ្នា និង​ត្រូវ​ទទួលស្គាល់​នូវ​លទ្ធផល ​នៃ​ការ​ជជែក ផ្ទៀងផ្ទាត់​គ្នា ដែល​តំណាង ឬ​ក្រុម​តំណាង​របស់​លោកបាន​ចូលរួម ​។

សម្តេច​ធិ​បតី ​បន្ថែម​ថា សម្រាប់​រាជរ​ដ្ឋា​ភិបាល ​ស្វាគមន៍​ជម្រើស​មួយ​ណា​ក៏​បាន ពោល​លោក អ៊ុំ សំ​អាន ដឹកនាំ​មក​ខ្លួនឯង​ក៏​បាន (​ប៉ុន្ដែ​ដោយ​គ្មាន​លក្ខខណ្ឌ ​ដែល​បាន​លើក​ដើម្បី​ដោះខ្លួន​នោះ​ទេ ព្រោះ​សុវត្ថិភាព​ត្រូវ​បាន​ធានា​រួច​ហើយ​) ឬ​អាច​ចាត់តាំង​តំណាង ឬ​ក្រុម​តំណាង​របស់​លោក​មក​ក៏​បាន ​។

សម្តេច​សង្ឃឹមថា លោក អ៊ុំ សំ​អាន នឹង​ហ៊ាន​សម្រេច​យក​ជម្រើស​ណាមួយ និង​ផ្តល់​ចម្លើយ​ត្រង់​ៗ​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ជួយ​បញ្ចប់​មន្ទិល​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៥២-៥៩ ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្ដេច​សង្ឃឹម​ផង​ដែរ​ថា លោក អ៊ុំ សំ​អាន មិន​បង្កើត​ហេតុផល ឬ​រក​លេស​ផ្សេង​ៗ​ទៀត ​ដើម្បី​គេច​មិន​ចូលរួម​ដូច​កន្លង​មក​នោះ​ទេ ជាក់ស្ដែង​ដូច​ជា​ការ​ទាមទារ​ឱ្យ​លើកលែងទោស​ ។

សម្តេច​លើក​ឡើង​ថា​ ៖ “​និយាយ​អោយ​ខ្លី​ទៅ រឿង​គាត់​ខ្លាច​គឺ​មធ្យម ប៉ុន្តែ​ងំ​ត្រង់​ថា ​គាត់​បង្កើត​លក្ខខណ្ឌ​ ដើម្បី​ធ្វើ​ជា​លេស​ដោះខ្លួន ហើយ​ថែម​ទាំង​ឌឺដង​ទៀត​ផង​។ ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ទ្វារ​នៅ​មិន​ទាន់​បិទ​ដែរ​” ​។

សម្តេច​ធិ​បតី​ បាន​បញ្ជាក់​បន្ថែម​ថា ​៖”ខ្ញុំ​ទុក​ពេល​អោយ​លោក​ដល់​ដំណាច់​ខែតុលា ដើម្បី​ធ្វើការ​សម្រេចចិត្ត និង​រៀបចំ​ក្រុមការងារ ឬ​ចាត់​តំណាង និង​រៀបចំ​ឯកសារ មក​ជជែក ផ្ទៀងផ្ទាត់​ជាមួយ​គ្នា នៅ​ដើមខែ​វិច្ឆិកា ដូច​លោក​បាន​ស្នើ​សុំ​។ ផ្តល់​ឱកាស​បន្ថែម​ប៉ុណ្ណេះ​ហើយ បើ​លោក អ៊ុំ សំ​អាន នៅ​តែ​មិន​ហ៊ាន​ទៀត​គឺ​…” ​។

សម្តេច​នាយក​រដ្ឋមន្ដ្រី ​បាន​បញ្ជាក់​ច្បាស់​ៗ​ថា រាជរដ្ឋាភិបាល​មាន​កិច្ចការ​ច្រើន​ទៀត ​ដើម្បី​ប្រទេស​ជាតិ​ និង​ប្រជាជន រួម​ទាំង​ការងារ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​សម្ដេច​តែងតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ផ្តល់​ឱកាស​ឱ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជាមួយ​ភាគី​ថៃ​ដោយ​ការ​ទទួលខុសត្រូវ ជា​ពិសេស​នៅ​ក្នុង​ដំណាក់​កាល ដែល​បញ្ហា​ព្រំដែន​នៅ​មាន​ភាព​ស្មុគស្មាញ​ និង​មិន​ទាន់​ដោះស្រាយ​រួច ជា​ជាង​ត្រូវ​ឆ្លើយឆ្លង​ជាមួយ​ខ្មែរ​គ្នា​ឯង​ដូច​ជា​ករណី​នេះ​។ តែ​មូលហេតុ​ ដែល​សម្ដេច​ត្រូវ​ឆ្លើយ​តប ព្រោះ​ការ​ចោទប្រកាន់​ពី​សំណាក់​លោក អ៊ុំ សំ​អាន មក​លើ​រាជរដ្ឋាភិបាល​ថា ​បាន​កាត់​ដី​ឱ្យ​ថៃ ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២-៥៩ វា​ពិតជា​ធ្ងន់ធ្ងរ​ពេក​មិន​អាច​ទទួលយក​បាន ​៕