ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​ពេញលេញ​ចំពោះ​ដំណើរការ​ផ្សះផ្សា ដែល​ខ្លួន​បាន​ផ្តួចផ្តើម និង​ជំនឿ​ថា ​ច្បាប់អន្តរជាតិផ្តល់​នូវ​មាគ៌ា​សម្រាប់​ការ​ដោះស្រាយ​វិវាទ​ជាមួយ​ថៃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​ពេញលេញ​ចំពោះ​ដំណើរការ​ផ្សះផ្សា ដែល​ខ្លួន​បាន​ផ្តួចផ្តើម និង​មាន​ជំនឿ​ថា ច្បាប់​អន្តរជាតិផ្តល់​នូវ​មាគ៌ា​សម្រាប់​ការ​ដោះស្រាយ​វិវាទ​រវាង​កម្ពុជា​និង​ថៃ ក៏​ដូច​ជា​រវាង​រដ្ឋ​នានា​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ របស់​គណៈ​កម្មការ​ផ្សះផ្សា ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​ប្រកាស​វិធានការ​កសាង​ទំនុកចិត្ត​រវាង​កម្ពុជា និង​ថៃ​បាន​លើក​ឡើង​ថា ​តុលា ការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ នៅ​ថ្ងៃនេះ​(​ទី​១៩) បាន​ប្រកាស​ថា គណៈកម្មការ​ផ្សះផ្សា ដែល​ត្រូវ​បាន​បង្កើតឡើង​ក្រោម​ឧ​ប​សម្ព័ន្ធ​ទី​៥នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) បាន​បញ្ចប់​សំណុំវិធានការ​កសាង​ទំនុកចិត្ត​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ នៅ​ទីក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់​ ។

ប្រភព​ថា​ វិធានការ​កសាង​ទំនុកចិត្ត​ទាំងនេះ មាន​គោលបំណង​ពង្រឹង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក បង្កើនទំនាក់ទំនង និង​លើកកម្ពស់​បរិយាកាស​អំណោយផល​សម្រាប់​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​។ សំណុំវិធានការ​ពេញលេញ​នេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​រួម​របស់​ភាគី​ទាំង​ពីរ​ចំពោះ​ការ​សន្ទនា និង​នីតិរដ្ឋ ព្រមទាំងការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម​ដោយ​ស្ថាបនា​ក្នុង​ដំណើរការ​ផ្សះផ្សា ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​សេចក្តី​ប្រកាស​ព័​ត៌មាន​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​។

ក្នុង​ចំណោម​វិធានការ​ដែល​បាន​ព្រមព្រៀង​គ្នា​នេះ គណៈកម្មការ​ផ្សះផ្សា​បាន​កត់​សម្គាល់ថា ការ​ឯកភាព និង​វិធានការ​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ព្រមព្រៀង​ពី​មុន មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ពេញលេញ​នៅឡើយ​ ។ គណៈកម្មការ​ផ្សះផ្សា​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្តដែល​នឹង​ជួយ​បង្កើត​បរិ​យាកាស​អំណោយផល សម្រាប់​ការ​ចរចា​ប្រកបដោយ​ស្ថាបនា​ក្នុង​ដំណើ​រការ​ផ្សះផ្សា​នេះ​ ។ ក្នុង​បរិបទ​នេះ គណៈកម្មការ​ផ្សះផ្សា​លើក ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ខិតខំ​ដំឡើង​កម្រិត​តំណាង​ការទូត​របស់​ខ្លួនដោយ​តែងតាំង​តំណាង​ជាន់ខ្ពស់​ម្នាក់​ប្រចាំ នៅ​រាជធានី​របស់​ភាគី​ម្ខាង​ទៀត​ ។

គណៈកម្មការ​ក៏​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ចូលរួម​ដោយ​ការ​ស្ថាបនា និង​ដោយ​បើកចំហ​លើ​ទិដ្ឋភាព​បច្ចេកទេសការ​កំណត់ព្រំដែន​នៅ​ក្នុង​ក្រុមការងារ​មួយ​ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មការ​ផ្សះផ្សា​។​ដោយ​ផ្អែក​លើ​អនុសាសន៍​ខាងលើ​របស់​គណៈ​កម្មការ​ផ្សះផ្សា​ភាគី​ទាំងពីរ​ព្រមព្រៀង​អនុវត្ត​សកម្មភាព ឬ​វិធាន ការ​ដែល​អាច​ជួយ​កសាង​ការ​ជឿ​ង​ទុកចិត្ត និង​ការ​ជឿរ​ជាក់​រវាង​គ្នា​ទៅ​វិញទៅ​មក ​រួម​ទាំង​អ្វី​ដែល​បាន​កំណត់​ខាងលើ​។

បន្ថែម​លើ​នេះ ភាគី​ទាំង​ពីរ​ទទួលស្គាល់​ថា ខ្លួន​មាន​សិទ្ធិ​ធ្វើ​សេចក្តីថ្លែងការណ៍ ដើម្បី​ការ ពារ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ឬ​កែតម្រូវ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​បំភាន់​ ។ ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល សម្រាប់​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ភាគី​ទាំង​ពីរ​នឹង​ប្តេជ្ញា​អនុវត្ត​ការ​អត់ធ្មត់​ក្នុង​ទំនាក់ទំនង​សាធារណៈ​ និង​ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នានា ដែល​អាច​រួមចំណែក​ដល់​អារម្មណ៍​អវិជ្ជមាន​របស់​សាធារណជន ឬបង្កើន​ភាព​តានតឹង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ។

ជា​ថ្មី​ម្តងទៀត កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​គណៈកម្មការ​ផ្សះផ្សា និង​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ដែល​បាន​ជួយ​រហូត​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ស្តី​ពី​វិធានការ​កសាង​ទំនុកចិត្ត​ទាំងនេះ​ ។ សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ «កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​ពេញលេញ​ចំពោះ​ដំណើរការ​ផ្សះផ្សា ដែល​ខ្លួន​បាន​ផ្តួចផ្តើម និង​មាន​ជំនឿ​ថា ច្បាប់​អន្តរជាតិ ផ្តល់​នូវ​មាគ៌ា​សម្រាប់​ការ​ដោះស្រាយ​វិវាទ​រវាង​រដ្ឋ​នានា​ដោយ​សន្តិវិធី» ៕