ទីក្រុងប៉ារីស៖ មនុស្សយ៉ាងហោចណាស់ ២.៤០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានផ្ទុះអំពើហិង្សា ការលួចទ្រព្យសម្បត្តិ និងការបំផ្លិចបំផ្លាញអគារសាធារណៈ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
បាតុកម្មនេះមានអ្នកចូលរួមប្រមាណ ៥៥ម៉ឺននាក់ តាមតួលេខរបស់ក្រសួងមហាផ្ទៃបារាំង ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃរស់នៅ និងទាមទារឱ្យកែលម្អលក្ខខណ្ឌសិក្សា។ ទោះជាការតវ៉ានៅតំបន់ជាច្រើនចាប់ផ្តើមដោយសន្តិវិធីក៏ដោយ ក្រុមមនុស្សមួយចំនួនបានបង្កការប៉ះទង្គិចជាមួយប៉ូលិស លួចទំនិញតាមហាង និងដុតបំផ្លាញយានយន្ត ព្រមទាំងអគារសាធារណៈនៅតាមទីក្រុងនានា។
ជាមួយគ្នានេះ សមាជិកកងកម្លាំងសន្តិសុខជិត ១.០០០នាក់បានរងរបួសក្នុងអំឡុងពេលអំពើហិង្សា។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ឡូរ៉ង់ នុយណេស បានទទួលស្គាល់ថា កងកម្លាំងសន្តិសុខបានបាត់បង់ការគ្រប់គ្រងស្ថានការណ៍នៅទីក្រុងធំៗមួយចំនួន។ ចំណែកប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង បានបដិសេធសំណើលាលែងពីតំណែងរបស់រដ្ឋមន្ត្រីរូបនេះ និងបញ្ជាឱ្យពិនិត្យឡើងវិញលើការរៀបចំសន្តិសុខ និងការប្រមូលព័ត៌មានជាមុន។
នៅថ្ងៃទី១៩ ខែតុលា នាយករដ្ឋមន្ត្រី លោក សេបាស្ទៀន ឡឺកនូ បានណែនាំឱ្យអាជ្ញាធរតាមតំបន់មួយចំនួនដាក់បម្រាមគោចរដោយកំណត់ទីតាំង និងពេលវេលាជាក់លាក់ ដើម្បីទប់ស្កាត់អំពើហិង្សាកើតឡើងជាថ្មី។ នៅទីក្រុងម៉ាសេយ៍ អាជ្ញាធរបានហាមឃាត់ការជួបជុំសាធារណៈចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៨យប់ក្នុងថ្ងៃដដែល។
ទន្ទឹមនឹងនេះ អាជ្ញាធរបារាំងកំពុងបន្តចាត់វិធានការតាមច្បាប់ចំពោះអ្នកពាក់ព័ន្ធនឹងអំពើហិង្សា និងពិនិត្យភស្តុតាងពីវីដេអូនៅលើបណ្តាញសង្គម ដើម្បីកំណត់អត្តសញ្ញាណជនដែលបានចូលរួមក្នុងការលួចទ្រព្យសម្បត្តិ និងបំផ្លិចបំផ្លាញ។ សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យអាជ្ញាធរបែងចែកឱ្យច្បាស់រវាងអ្នកធ្វើបាតុកម្មដោយសន្តិវិធី និងអ្នកប្រព្រឹត្តអំពើហិង្សា ដោយបញ្ជាក់ថា សិទ្ធិតវ៉ាដោយសន្តិវិធីត្រូវតែទទួលបានការការពារ៕
ចែករំលែកព័តមាននេះ