កុំយកជីវិតទៅភ្នាល់នឹងគ្រឿងស្រវឹង! នគរបាលខេត្តកណ្តាលប្រកាសរឹតបន្តឹងជាតិអាល់កុលលើសកម្រិត
- កណ្តាល
ខេត្តកណ្តាល ៖ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលនៃសុរា ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដាស់ស្មារតីយ៉ាងម៉ឺងម៉ាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។

ជាក់ស្តែងការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាព្រឹកថ្ងៃទី២០ ខែតុលានេះថា ៖ ហាមពិសាគ្រឿងស្រវឹង ដែលបណ្តាលឲ្យមានអត្រាជាតិអាល់កុល ចាប់ពី០,២៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៥០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ។
សូមបញ្ជាក់ថា ការបើកបរក្នុងស្ថានភាពស្រវឹង គឺជាដើមហេតុចម្បងមួយដែលបណ្តាលឱ្យបាត់បង់ស្មារតី ការពារខ្លួនមិនទាន់ និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលនាំឱ្យមានការបាត់បង់ជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិ និងពិការភាពជាច្រើនករណីជារៀងរាល់ថ្ងៃ ។

ជាមួយគ្នានេះដែរ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរយានយន្ត និងទោចក្រយានយន្តទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់វប្បធម៌គោរពច្បាប់ចរាចរណ៍ និងប្រកាន់ខ្ជាប់នូវបាវចនា «បើស្រវឹង កុំបើកបរ» ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងអ្នកដទៃដែលធ្វើដំណើរលើផ្លូវសាធារណៈជាមួយគ្នា ៕
ចែករំលែកព័តមាននេះ