សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី អះអាងនាថ្ងៃទី១៩ តុលា ថា រុស្ស៊ីបានប្រើមីស៊ីលបាលីស្ទិក និងដ្រូនប្រតិកម្ម វាយប្រហារថ្មីៗលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ។

តាមបណ្ដាញសង្គម លោកហ្សេឡេនស្គីឲ្យដឹងថា ក្រុងគៀវទទួលរងការវាយប្រហារថ្មីថែមទៀត ដោយពុំទទួលបានការប្រកាសអាសន្នឲ្យដឹងមុនពីការវាយប្រហារទាំងនេះ ពីសំណាក់បណ្ដាប្រទេសជាដៃគូឡើយ ដែលខុសពីពេលមុនៗដែលតែងជួយផ្ដល់ព័ត៌មានស៊ើបការណ៍ពីការវាយប្រហារ ។ ការចែករំលែងព័ត៌មានស៊ើបការណ៍ ដោយបណ្ដាប្រទេសលោកខាងលិច បានជួយអ៊ុយក្រែនទប់ទល់ការវាយប្រហារ ដោយមីស៊ីលបាលីស្ទិកពីសំណាក់រុស្ស៊ី និងទប់ទល់ការលុកលុយរបស់ក្រុងមូស្គូ ដែលកើតមានអស់ពេលជាង៤ឆ្នាំកន្លះមកហើយ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ធ្លាប់អះអាងថា ក្រុងវ៉ាស៊ីនតោនមិនបានបញ្ឈប់ផ្ដល់ព័ត៌មានស៊ើបការណ៍ដល់អ៊ុយក្រែនឡើយ ។ រដ្ឋមន្ត្រីការទេសអាមេរិក លោកម៉ាកូរ៉ូប៊ីយ៉ូអះអាងពីជំហរនោះ កាលពីថ្ងៃទី១៩ តុលា។ លោកពន្យល់ថា អាមេរិកមិនមានព័ត៌មានណាមួយ ទាក់ទិននឹងការវាយប្រហាររបស់រុស្ស៊ី កាលពីយប់មុននោះទេ។

ការវាយប្រហាររបស់រុស្ស៊ី កាលពីយប់ថ្ងៃទី១៩ តុលា បណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលជាង១០កន្លែង ក្នុងប្រទេសអ៊ុយក្រែន បណ្ដាលឲ្យដាច់ភ្លើងប៉ះពាល់ដល់មនុស្សជាងកន្លះលាននាក់ ដាច់ម៉ាស៊ីនកម្ដៅ និងទឹក។ នេះបើតាមការអះអាងរបស់លោកហ្សេឡេនស្គី ។ តាមប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិក១៦គ្រាប់ លើក្រុងគៀវ និងតំបន់ជុំវិញ។ អាជ្ញាធរក្រុងគៀវប្រកាសពីការស្លាប់យុវនារីអាយុ២១ឆ្នាំម្នាក់។
ចំណែកក្រសួងការពារប្រទេសរុស្ស៊ីវិញថ្លែងថា កងទ័ពយើងបានវាយប្រហារខ្លាំងក្លាលើបណ្ដាគោលដៅនៅអ៊ុយក្រែន។ ក្នុងចំណោមគោលដៅទាំងនោះ មានជាពិសេសមជ្ឈមណ្ឌលទិន្នន័យមួយ ទីតាំងភស្ដុភារមួយដែលស្តុកបណ្ដាសមាសភាពសម្រាប់ផលិតដ្រូន និងមីស៊ីលបណ្ដែតរោងចក្រផលិតសមាសភាពសម្រាប់ដ្រូន និងឃ្លាំងរថភ្លើងជាកន្លែងដាក់មីស៊ីល ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ចោទប្រកាន់លោកហ្សេឡេនស្គីថា មិនចង់បញ្ចប់សង្គ្រាម ។ ការខិតខំប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតសន្តិភាពមិនសម្រេចបានការរីកចម្រើនណាមួយឡើយ។ ទោះបីបទឈប់បាញ់គ្នាខាងថាមពល ទាមទារដោយលោកត្រាំក៏មិនសម្រេចបានដែរ ។
យោងតាមពួកអ្នកវិភាគ និងបណ្ដាអ្នកទទួលខុសត្រូវលោកខាងលិចថា លោកពូទីនយល់ថា លោកអាចរង់ចាំការជួយរបស់ពួកលោកខាងលិចអស់ខ្យល់ ដើម្បីឲ្យកងទ័ពរុស្ស៊ី ដែលខ្លាំងកម្ទេចការតស៊ូរបស់អ៊ុយក្រែន ។ អ៊ុយក្រែនបានតបតរុស្ស៊ីវិញតាមរយៈការវាយប្រហារដោយដ្រូនរយៈឆ្ងាយ ចូលយ៉ាងជ្រៅក្នុងដែនដីរុស្ស៊ី ដែលការវាយប្រហារទាំងនោះសំដៅជាពិសេសលើបណ្ដារោងចក្រចម្រាញ់ប្រេងកាតរុស្ស៊ី បណ្ដាលឲ្យរុស្ស៊ីខ្វះប្រេងប្រើធ្ងន់ធ្ងរ។

កាលពីថ្ងៃទី១៨ តុលា អ៊ុយក្រែនបានបញ្ជូនដ្រូនដល់ជាង១០០០គ្រឿងប្រឆាំងរុស្ស៊ី បណ្ដាលឲ្យឆេះទីតាំងនាំចេញប្រេងសំខាន់មួយនិងឃ្លាំងមួយនៅទីក្រុងសាំងប៉េទ័រស្បួរ ។ រុស្ស៊ីវិញស្វែងរកធ្វើឲ្យស្ទះដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋអ៊ុយក្រែន តាមរយៈការវាយប្រហារដោយដ្រូននិងមីស៊ីល សំដៅរថភ្លើង បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថានីយចាក់ប្រេង និងហាងទំនិញនានា ព្រមទាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពល ពិសេស ពេលរដូវរងាមកដល់ ៕
ចែករំលែកព័តមាននេះ