ប្រទេសចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ លើកឡើងកាលពីថ្ងៃទី១៩ តុលា ថា លោកត្រៀមជួបត្រីភាគីជាមួយសមភាគីចិន និងរុស្ស៊ី ដែលលោកថា ការជួបគ្នានោះ អាចមាននៅចិន ដែលលោកត្រូវទៅកាន់ទីនោះនាខែវិច្ឆិកា ហើយផ្ដោតជាពិសេស លើបញ្ហាកាត់បន្ថយនុយក្លេអ៊ែរ និងសង្គ្រាមនៅអ៊ុយក្រែន ។

អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែង កាលពីថ្ងៃទី១៩ តុលា ថា មេដឹកនាំរុស្ស៊ី ចិន និងអាមេរិក នឹងជួបគ្នានៅចិននាខែវិច្ឆិកាខាងមុខនេះ នាឱកាសកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ។ តាមកាសែត
អាមេរិក WALL STREET JOURNALថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានស្នើដល់សមភាគីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិន លោកស៊ីជីនពីង ពីការជួបគ្នាមួយ ដើម្បីពិភាក្សាពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន នាឱកាសនៃកិច្ចប្រជុំកំពូលAPEC នាថ្ងៃទី១៨ និង១៩ វិច្ឆិកា នៅក្រុង SHENZHEN ចិន ។
ពេលសួរពីរឿងនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីឌ្រីប៉េស្កូវ លើកឡើងថា ប្រមុខរដ្ឋទាំង៣រូប ពិតជាមកចូលរួមក្នុងកិច្ចប្រជុំកំពូលនោះនៅចិន ទោះបីមិនទាន់មានសំណើជាក់លាក់ និងការប្រកាសយល់ព្រមក្ដី និងមិនទាន់ដឹកពីរបៀបវារៈនៅឡើយក្ដី ។ ជម្លោះអ៊ុយក្រែនពិតជាចំណុចស្នូលនៃការជួបគ្នានោះ បើអាចប្រព្រឹត្តទៅ។ លោកប៉េស្កូវបញ្ជាក់ថា នៅមិនទាន់មានសំណើជាក់លាក់ណាមួយ ឬកិច្ចព្រមព្រៀងណាមួយ ពីការប្រព្រឹត្តទៅនៃការជួបគ្នានេះនៅឡើយ ក៏ដូចជារបៀបវារៈ ។ លោកក៏យល់ឃើញដែរថា រាល់កិច្ចព្រមព្រៀងចុងក្រោយមួយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន បើគ្មានការចូលរួមរបស់បណ្ដាតំណាងក្រុងគៀវ ក៏មិនអាចទៅរួចដែរ ។
នៅក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ាវនិញ លើកឡើងថា នាដំណាក់កាលនេះ យើងនៅមិនទាន់មានព័ត៌មានណាមួយនៅឡើយទេ ។ លោកស្រីថា ខ្ញុំមិនទាន់ដឹងដែរពីរឿងនេះ តែពិតណាស់ ប្រធានាធិបតីអាមេរិកចង់ឲ្យសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបញ្ចប់ ៕

ចែករំលែកព័តមាននេះ