ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់ ស​ម្រេច​ដាក់​ពិន័យ Ronaldo ជុំវិញ​ការ​ចាក​ចេញពី​ជំរំ​ហ្វឹកហាត់​ជម្រើសជាតិ

3 ម៉ោង មុន

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ កីឡាករ Cristiano Ronaldo ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់ (FPF) ដាក់​ពិន័យ​ផ្អាក​សកម្មភាព​រយៈពេល​៣០​ថ្ងៃ និង​ជា​ប្រាក់ ២៥៥ អឺ​រ៉ូ (២៨៦ ដុល្លារ​អា​មេ​រិ​ក​) ជុំវិញ​ការ​ចាកចេញ​ភា្ល​ម​ៗ​ពី​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ កាលពី​ខែ​មុន​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា​។

ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៤១​ឆ្នាំ​រូប​នេះ បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ភ្លាម​ៗ អំឡុង​ការ​ប្រកួត​ពានរង្វាន់ UEFA Nations League កាលពី​ខែកញ្ញា បន្ទាប់​ពី​ភាព​មិន​ចុះសម្រុង​គ្នា​ជាមួយ​លោកគ្រូ​បង្វឹក Jorge Jesus​។

ការ​មើល​មុខ​គ្នា​មិន​ចំនេះ កើតឡើង​បន្ទាប់​ពី​គ្រូ​ព័រ​ទុ​យ​ហ្គា​ល់ សម្រេច​ដាក់ Ronaldo ជា​កីឡាករ​បម្រុង​មិន​ប្តូរ​ឱ្យ​ចូល​លេង​ក្នុង​ជំនួប​ទល់​នឹង​ន័​រ​វែ​ស ហើយ​បន្ទាប់​មក​បានដឹង​ថា ខ្លួន​ក៏​មិន​ស្ថិត​ជា​ជម្រើស​ដំបូង សម្រាប់​ប្រកួត​ទល់​នឹង​ដា​ណឺ​ម៉ាក​ថែម​ទៀត ទើប​ប្រធាន​ក្រុម​រូប​នេះ ចាក​ចេញពី​ជំរំ​ហ្វឹកហាត់​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយមក Ronaldo បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​វែង​មួយ​ថា លោក​សម្រេចចិត្ត​ចាកចេញ ដោយសារ​តែ​លោក Jorge Jesus ធ្វើ​ខុស​ពាក្យ​សន្យា​ចំនួន​ពីរ​ដង និង​បាន​ចោទប្រកាន់​គ្រូបង្វឹក​រូប​នេះ​ថា បំផ្លាញ​លើ​ការ​ទុកចិត្ត​ទាំងស្រុង​។

ការ​ផ្អាក​សកម្មភាព​របស់​ខ្សែប្រយុទ្ធ​ក្លិប Al-Nassr រូប​នេះ ជាមួយ​ក្រុម​ជម្រើសជាតិ មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ប្រកួត​ជាមួយ​ដា​ណឺ​ម៉ាក កាលពី​ថ្ងៃ​ទី​១ ខែតុលា ដែល​មាន​ន័យ​ថា លោក​បាន​អនុវត្ត​ទោសពិន័យ​អស់​រយៈពេល ១៩ ថ្ងៃ​រួច​ហើយ ហើយនឹង​មិន​ខក​ខាន​​ការ​ប្រកួត​ណាមួយ​របស់​ព័រ​ទុ​យ​ហ្គា​ល់​ឡើយ​។ ដ្បិត​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​ប៉ះ​ដា​ណឺ​ម៉ាក​ម្តងទៀត​នៅ​ក្នុង​ពានរង្វាន់ Nations League នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា មុន​ពេល​ទៅ​តទល់​នឹង​ម្ចាស់ផ្ទះ​វែ​លស៍ នៅ​បី​ថ្ងៃ​បន្ទាប់​៕ ប្រភព ៖ BBC