លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានអះអាងថា ស្ថិតិនៅឆមាសទី១ នៃឆ្នាំ២០២៦ ប្រតិបត្តិការជើងហោះហើរមក និងចេញពីកម្ពុជានៅដដែល ប៉ុន្តែចំនួនអ្នកដំណើរមានការធ្លាក់ចុះ ។

តាមស្ថិតិដែលទទួលបាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា នៅតែមិនផ្លាស់ប្តូរបើធៀបនឹងរយៈពេលដដែល នៅឆ្នាំមុន ពោល គឺមានចំនួនសរុប ៣២.៣០៦ជើង ប៉ុន្តែចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាធ្លាក់ចុះ ៧ភាគរយ មកត្រឹម៣,២៧ លាននាក់ ។

ប្រភពដដែលបានបន្ថែមថា នៅក្នុងរយៈពេលនេះ សេវាកម្មផ្លូវអាកាសសម្រាប់អ្នកដំណើរធ្លាក់ចុះមែន ប៉ុន្តែការដឹកជញ្ជូនទំនិញមានការកើនឡើង២៩ភាគរយ ពោល គឺមានបរិមាណប្រមាណជា ៤៧.៦២៧ តោន ។

នៅពេលនេះ ប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសនៅកម្ពុជា គឺធ្វើប្រតិបត្តិការនៅ៤អាកាសយានដ្ឋាន ពោល គឺ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិអង្គរ អាកាសយានដ្ឋានអន្តរជាតិសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបច្ចុប្បន្នដំណើរការតែជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ ។
មកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ នៅក្នុងនោះអន្តរជាតិចំនួន២៩ និងក្នុងស្រុកចំនួន៤ ៕
ចែករំលែកព័តមាននេះ