ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៣​នា.ក់​ស្លា.ប់​ និង​​៨​នា.ក់​រង​រ.បួ.ស​ក្នុង​ហេតុ​ការណ៍​បា.ញ់​ប្រ.​ហារ​ពី​សំណាក់​មិត្ត​រួម​ថ្នាក់​នៅ​ហ្វ៊ីលីពីន

2 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ មាន​ហេតុ​ការណ៍​បាញ់​ប្រហារ​​នៅ​ក្នុង​បរិវេណ​សាលា​រៀន​មួយ​កន្លែង​នៃ​​ប្រទេស​ហ្វ៊ី​លី​ពីន​ភាគ​ខាង​ត្បូង​បណ្ដាល​ឱ្យ​សិស្ស​យ៉ាង​​តិច​បី​នាក់​ស្លាប់​។ ក្នុង​នោះ សិស្ស​ម្នាក់​អាយុ​១៦​ឆ្នាំ​ដែល​ជា​ជន​សង្ស័យ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​​អំពើ​បាញ់​ប្រហារ​នេះ​​ក៏​បាន​ស្លាប់​ផង​ដែរ​។ យុវ​ជន​រូប​នេះ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួច​ហើយ​ក៏​យក​កាំ​ភ្លើង​បាញ់​សម្លាប់​ខ្លួន​ឯង​តែ​ម្ដង​។ នេះ​បើ​យោង​​តាម​មន្ត្រី​សាលា​ខេត្ត​កើត​ហេតុ​ខាង​លើ​​។ ក្រៅ​ពី​ជន​រង​គ្រោះ​ដែល​បានស្លាប់​ សិស្ស​​៨​នាក់​ទៀត​រង​របួស​។ ​នៅ​ក្នុង​ចំណោម​នោះ​ បួន​នាក់​រង​របួស​ធ្ងន់​។

ជន​រង​គ្រោះ​ទាំង​អស់​សុទ្ធ​តែ​ជា​សិស្ស​រៀន​នៅ​ក្នុង​សាលា​ជា​មួយ​គ្នា​ និង​មាន​អាយុ​ចន្លោះ​ពី​១៤-​១៧​ឆ្នាំ​។ នេះ​បើ​យោ​ងតាម​អាល់​បឺត​ ផា​ឡឹន​ស្យា (Albert Palencia) ជា​ចៅ​ហ្វាយ​ក្រុង​បាន់​ហ្កា (Banga) ​នៃ​ខេត្ត​កូតា​បាតូ​ខាង​ត្បូង​ (South Cotabato)។ ក្រុម​អ្នកជួយ​សង្គ្រោះ​បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ភ្លាម​ក៏​ប្រញាប់​ប្រញាល់​ចុះ​ទៅ​​កន្លែង​កើត​ហេតុ​នៅ​សាលា​មធ្យម​សិក្សា​ជាតិ​បាន់​ហ្កា​ (Banga National High School) នៃ​​កោះ​មីន​ដា​ណាវ (Mindanao) នៅ​វេលា​ម៉ោង​១:៣០​រសៀល​។

លោក​រី​ហ្សាលី ដេ​ដែល (Rizalie Dedel) ជា​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​ប្រាប់​អា​អែហ្វ​ប៉េ​ថា​​ជន​រង​គ្រោះ​ម្នាក់ភេទ​ប្រុស និង​ម្នាក់​ទៀត​ភេទ​ស្រី​។ ពួក​គេ​សិក្សា​នៅ​ថ្នាក់​ទី​៩​។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​បន្ទាប់​ពី​មាន​ករណី​ស្រដៀង​គ្នា​​នេះ​កើត​ឡើង​២​ករណី​​​នៅ​ហ្វ៊ីលីពីន​ចាប់​តាំង​ពី​ខែ​មិថុនា​។ មែន​ទែន​ទៅ ការ​​បាញ់​ប្រហារ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​ជា​ករណី​ដ៏​កម្រ​នៅ​​ហ្វ៊ី​លីពីន​។ ផាឡឹន​ស្យា​ប្រាប់​រ៉យ​ទ័រ​ថា​ជន​សង្ស័យ​រូប​នោះ​អង្គុយ​ក្បែរ​មិត្ត​ភក្ដិ​រៀន​ជា​មួយ​គ្នា​ និង​ប្រាប់​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​ទៅ ព្រោះ​​ក្រោយ​ពេល​អាហារ​ថ្ងៃ​ត្រង់​ គាត់​នឹង​ចាប់​ផ្ដើម​អនុវត្ត​ផែន​ការ​របស់​គាត់​​។ ឮ​​ដូច្នេះ មិត្ត​ភក្តិ​គាត់​ក៏​ផ្ទុះ​សំណើច​ព្រោះ​ជា​ទម្លាប់​ ជន​សង្ស័យរូប​​នោះ​ចូល​ចិត្ត​និយាយ​កំប្លែង​។

លុះ​ក្រោយ​ពេល​អាហារ​ថ្ងៃ​ត្រង់​រួច គាត់​ក៏​ចាប់​ផ្ដើម​បើក​ការ​បាញ់​ប្រហារ​មែន​។ គាត់​បាញ់​សិស្ស​ដប់​នាក់។​ បន្ទាប់​មក​ បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។​ ជន​សង្ស័យ​រូប​នេះ​ជា​កូន​ប្រុស​របស់​មន្ត្រី​នៃ​មន្ទីរ​អប់​រំ​ខេត្ត​ ហើយ​គាត់​យក​កាំ​ភ្លើង​ចេញ​ពីទូ​សុវត្ថិ​ភាព​​នៅ​ក្នុង​ផ្ទះ​របស់​គាត់​។ អភិបាល​ខេត្ត​កូតាបាតូ​ខាង​ត្បូង​ប្រាប់​ថា​អ្នក​ដែល​ទទួល​រង​ការ​បាញ់​ប្រហារ​នោះ​សុទ្ធ​តែ​ជា​​សិស្ស​​រៀន​ថ្នាក់​ជា​មួយ​ជន​សង្ស័យ។ ជន​សង្ស័យ​ប្រើ​ប្រាស់​កាំ​ភ្លើ​ងខ្លី​៩​មិល្លីម៉ែត្រ​ និង​ធ្វើ​សកម្ម​ភាព​នេះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ៕ ប្រភព៖ Channel News ​Asia