ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចូលចម្ការ​​លួច​បេះ​ផ្លែ​ឈូក និង​សម្ភារ​ញឹកញាប់​ពេក ម្ចាស់​ឃ្លាំ​ចាប់​ជនសង្ស័យ​ម្នាក់​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​

1 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មហាជន​ជា​ច្រើន​បាន​និង​កំពុង​តាមដាន​ព័ត៌មាន​រឿង​ចោរលួច​ផ្លែ​ឈូក ត្រូវ​​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​យក​ទៅ​អនុវត្ត​ច្បាប់ គ្រាន់តែ​ផ្លែ​ឈូក​ប្រមាណ​៣០​ផ្លែ​សោះ ដូច្នេះ​ ខាងក្រោម​នេះ​ ជា​របាយការណ៍​ផ្លូវការ​របស់​សមត្ថ​កិច្ច​ និង​ចម្លើយ​ជនសង្ស័យ​ជាប់ចោទ​ជា​ចោរលួច​ផ្លែ​ឈូក ​។ ករណី​អំពើ​លួច (​លួច​សកម្ម​) មួយ​ករណី​​បាន​កើតឡើង​​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​៨ និង៤០​នាទី​ព្រឹក ស្ថិតចំណុច​ក្នុង​ចម្ការ​​ឈូក​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ព្រែក​អំពិល សង្កាត់​ព្រែ​កអំ​ពិ​ល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។

ជន​រង​គ្រោះជា​ម្ចាស់​ចម្ការ​​មាន​​២​នាក់ ម្នាក់​ឈ្មោះ ច្រឹង លួត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាកសិករ ទីលំនៅ​ភូមិ​ព្រែក​លួង សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។ និង​ម្នាក់​ឈ្មោះ បឿន សុភាព ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខរបរ​ជាកសិករ ទីលំនៅ​ភូមិ​ព្រែក​អំពិល សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ​។  រីឯ​ជនសង្ស័យ​​​ឈ្មោះឃឿ​ន សា​រឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរជា​អ្នកលក់ដូរ ទីលំនៅ​ភូមិ​ព្រែក​ថោ​ង សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។ ការ​ធ្វើ​តេ​ស្តិ៍​ទឹកនោម​រក​សារធាតុ​ញៀន លទ្ធផល​ អវិជ្ជមាន​ ។ សម្រាប់សម្ភារ​ដែល​បាត់បង់ ១​-​ផ្លែ​ឈូក​មួយ​ចំនួន, ២-​ទូក​ស្មាច់​១,៣-​ម៉ាស៊ីន​ទូក​១​គ្រឿង និង​ជា​វត្ថុ​តាង​ចាប់​យក​ពី​ជនសង្ស័យ ​។

ដំណើរ​រឿងហេតុ៖ កន្លង​មក ​នៅ​ក្នុង​ដីចម្ការ​​ឈូក​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់ ស្ថិត​នៅ​ភូមិ​​ព្រែក​អំពិល សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ធ្លាប់​មានការ​បាត់បង់​ដូច​ជា ម៉ាស៊ីន​សម្រាប់បូមទឹក, ប្រេងម៉ាស៊ូត, ជី​សម្រាប់​ដាក់​ដំណាំ, អា​គុយ និង​ផ្លែ​ឈូក​អស់​​ជា​ច្រើន​ ​ដែល​ជន​រង​គ្រោះ​ពុំ​បាន​ទៅ​ទាន់​សកម្មភាព​ចោរ​កំពុង​លួច​សម្ភារៈនិង​ផ្លែ​ឈូកទាំង​នោះ​ទេ ​។

ទើបតែ​មក​ដល់​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ឈ្មោះ ច្រឹង លួត​ ​បាន​ទៅ​​ឃ្លាំចាំ​មើល ក៏​ឃើញ​មនុស្ស​ម្នាក់​កំពុង​បើកទូក​ស្មាច់ ចូល​ធ្វើ​សកម្មភាព​លួច​ផ្លែ​ឈូក​​នៅ​ក្នុង​ចម្ការ​​របស់​គាត់ ពេល​ឃើញ​ដូច្នេះ​ ឈ្មោះ ច្រឹង លួត ក៏​បាន​ស្រែក​ប្រាប់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ បឿន សុភាព ថា ​មាន​ចោរ​ចូល​ក្នុង​ចម្ការ​​លួច​ឈូក​ទៀត​ហើយ ។ ភ្លាម​នោះ​ ជន​រង​គ្រោះ​ឈ្មោះ ច្រឹង លួត និង​ឈ្មោះ ហួ​ន ហួត (​ត្រូវជា​ប្តី​របស់​ជន​រង​គ្រោះ​ឈ្មោះ បឿន សុភាព​) ក៏​បាន​ដើរ​កាត់​ទឹក​សំដៅ​​ទៅ​តាម​ចាប់ចោរ​ដែរ ​កំពុង​លួច​កាច់​ឈូក នៅ​ពេល​ឃើញ​ជន​រង​គ្រោះ​ដើរ​សំដៅ​ទៅ​រកជន​ស​ង្ស័យ​បានដឹង​ខ្លួន ​ហើយ​ប្រឹង​រុញ​ និង​ដោល​​ទូក​ចេញពី​ទីនោះ​ ដើម្បី​គេចខ្លួន​ ​។ បន្ទាប់​មក ​ជន​រង​គ្រោះ​ឈ្មោះ បឿន សុភាព ក៏​បាន​​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំពិលឲ្យ​ជួយ​អន្តរាគមន៍​ចាប់​ចោរ​ចូល​ចម្ការ​​លួច​កាច់​ឈូក​ ។

ក្រោយ​ពី​ទ​ទួល​បាន​ព៌​ត័​មាន​ប្រជាពលរដ្ឋ​ប្តឹង​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​នគរ​បា​ល​មូលដ្ឋាន ក៏​បាន​ហៅ​ជនសង្ស័យ​ឈ្មោះ​ឃឿ​ន សា​រឿ​ន យក​ទៅ​សាកសួរ​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា មុន​ពេល​កើតហេតុ​ ខ្លួន​បាន​បើកទូក​ស្មាច់​ចេញពីផ្ទះ​ ស្ថិត​នៅ​ភូមិ​ព្រែក​ថោ​ង សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល បំណង​ទៅ​បេះ​បន្លែ​ត្រកួន បន្ទាប់​មក ​ដោយ​ឃើញ​នៅ​ក្នុងចម្ការ​​ឈូក​របស់​ជន​រង​គ្រោះ​មានទឹក​លិច និង​គិត​ថា​ប្រហែល​​ម្ចាស់​គេ​ទុក​ចោល ខ្លួន​បាន​ធ្វើ​សកម្មភាព​ចូល​លួច​បេះ​ផ្លែ​ឈូក​នោះ​តែ​ម្តង​ទៅ ហើយ​ក៏​ត្រូវ​បានជា​ម្ចាស់ចម្ការ​​ឈូក​មក​ទាន់ ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​។

ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ចម្ការ​ទាំង២នាក់ ដែល​អះអាង​ថា ករណី​ចោរ​ចូលចម្ការ​ពួក​គាត់​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែ​ឈូក និង​លួច​សម្ភារញឹកញាប់​ហើយ ទើប​​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពាក់​ព័ន្ធ​អំពើ​លួច​សកម្ម សមត្ថ​កិច្ច​បាន​កសាង​សំណុំ​ង​តាម​នីតិវិធី​ ៕