សហរដ្ឋអាមេរិក ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែកញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសថា ខ្លួនបានអនុម័តលើលទ្ធភាពលក់យន្តហោះចម្បាំង F-35 ចំនួន ៤៨ គ្រឿងរបស់ក្រុមហ៊ុន Lockheed Martin ដែលមានតម្លៃ ២៤,៣ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ចំពេលប្រទេសមួយនេះ កំពុងធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយពី Reuters ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការលើកកម្ពស់សន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនជាសមាជិកណាតូ (NATO) ដែលជាកម្លាំងជំរុញដល់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ឈូងសមុទ្រ។
ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងវ៉ាស៊ីនតោន បានស្វាគមន៍ការស្នើឡើងនូវការលក់ដ៏សំខាន់នេះ ដោយហៅថា ជំហានមួយទៀតនៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
យន្តហោះចម្បាំង F-35 ត្រូវបានបង្កើតឡើងជាមួយបច្ចេកវិទ្យាបំបាំងកាយ Stealth ដែលអនុញ្ញាតឱ្យវាគេចផុតពីប្រព័ន្ធរាដាសត្រូវ តាមរយៈនេះហើយ ទើបវាត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងដ៏ទំនើបបំផុតលើពិភពលោក។ អ៊ីស្រាអែលបានដាក់ឱ្យប្រើប្រាស់យន្តហោះប្រភេទនេះ អស់រយៈពេល១០ឆ្នាំមកហើយ ដោយបានបង្កើតជាកងវរសេនាតូចជាច្រើន ហើយក៏នៅតែជាប្រទេសនៅមជ្ឈិមបូព៌ាតែមួយគត់ ដែលមានយន្តហោះចម្បាំងនេះផងដែរ។
អារ៉ាប៊ីសាអូឌីត ដែលជាអតិថិជនទិញអាវុធដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បាននិងកំពុងស្វែងរកទិញយន្តហោះចម្បាំង F-35 ជាច្រើនឆ្នាំមកហើយ ដោយសារតែប្រទេសនេះចង់ធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន និងដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់ ជាពិសេសពីប្រទេសអ៊ីរ៉ង់។ បច្ចុប្បន្នកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត កំពុងប្រើប្រាស់យន្តហោះចម្បាំងចម្រុះគ្នា រួមមាន F-15 របស់ក្រុមហ៊ុន Boeing រួមទាំង Tornados និង Typhoons របស់អឺរ៉ុបផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាមានការអនុម័តជាជំហានដំបូងពីក្រសួងការបរទេសអាមេរិក ក៏ដោយ ក៏គម្រោងលក់អាវុធតម្លៃរាប់ពាន់លានដុល្លារនេះ នៅតែត្រូវឆ្លងកាត់ការពិនិត្យ និងអនុម័តយ៉ាងតឹងរ៉ឹងពីសភាអាមេរិកជាមុនសិន៕


ចែករំលែកព័តមាននេះ