ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងរ៉ែ និងថាមពល ផ្អាកទទួលពាក្យស្នើសុំដំឡើងប្រព័ន្ធសូឡាលើដំបូលថ្មីជាបណ្តោះអាសន្ន

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ទទួល​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​ថ្មី សម្រាប់​ការ​ផ្តល់​សេវាកម្ម​ដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ជូន​អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា ។

យោង​តា​សេចក្តីជូនដំណឹង​របស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ក្នុង​ការ​អនុវត្ត​គោលការណ៍​សម្រាប់​ការ​ផ្តល់​សេវាកម្ម​ដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នៅ​កម្ពុជា ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​ដល់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ លើដំបូល​បាន​ចំនួន​៦៨ ក្រុមហ៊ុន​រួច ហើយ​ក្រុមហ៊ុន​បាន​ទទួល​អាជ្ញា​បណ្ណ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចំនួន​៥៨ អគ្គិសនី​កម្ពុជា​ចំនួន ៥៨ ក្រុមហ៊ុន សម្រាប់​ធ្វើ​សកម្មភាព​ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

ផ្អែក​លើ​ស្ថានភាព​នៃ​ការ​អនុវត្ត​គោលការណ៍​ខាងលើ និង​តម្រូវការ​ផ្តល់​សេវាកម្ម​ដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នា​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​ដែល​ទទួល​បានការ​អនុញ្ញាត​រួច​ហើយ មាន​ចំនួន​គ្រប់គ្រាន់​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​រួច​ដែរ ។ ដូច្នេះ ដើម្បី​ទុក​ពេលវេលា​សម្រាប់​ការ​តាមដាន និង​វាយតម្លៃ​ការ​ផ្តល់​សេវាកម្ម​របស់​ក្រុមហ៊ុន​ដែល​ទទួល​បានការ​អនុញ្ញាត​រួច ព្រមទាំង​ពិនិត្យ​ឡើង​វិញ​នូវ​តម្រូវការ​ជាក់ស្តែង​សម្រាប់​ការ​ផ្តល់​សេវាកម្ម​ខាងលើ​នេះ ក្រសួង​រ៉ែ និង​ថាមពល សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ទទួល​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​ថ្មី​ដល់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដំឡើង​ប្រព័ន្ធ ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​សារ​ជា​ថ្មី​។

ក្រសួង​បាន​លើក​ឡើង​ថា​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ដែល​ទទួល​បានការ​អនុញ្ញាត​រួច​ហើយ ត្រូវ​អនុវត្ត​ការងារ​ដំឡើង​ដោយ​ផ្ទាល់​ដោយ​មិន​ត្រូវ​ផ្ទេរ ឬ​ប្រថាប់ត្រា ឬ​ប្រគល់​ការ​ទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន​ឱ្យទៅ​ក្រុមហ៊ុន ឬ​បុគ្គល​ដទៃ ដែល​ពុំ​មានការ​អនុញ្ញាត​ឡើយ ព្រមទាំង​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភាន់ ឬ​បញ្ចុះបញ្ចូល​អតិថិជន​ឱ្យ​ដំឡើង​ប្រព័ន្ធ​លើស​ពី​តម្រូវការ​ជាក់ស្តែង​នោះ​ទេ ។

ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា​នឹង​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ តាមដាន​និង​វាយតម្លៃ​ជាក់ស្តែង​លើ​ការ​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ទាំងនោះ​តាម​ការ​ចាំបាច់ ។ ក្នុង​ករណី​រក​ឃើញ​ថា ក្រុមហ៊ុន​ណាមួយ មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​ស្តង់ដា​បច្ចេកទេស និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្រុមហ៊ុន​ទាំងនោះ​នឹង​ត្រូវ​ប្រឈម​នូវ​ការ​ព្យួរ ឬ​ដកហូត​អាជ្ញា​បណ្ណ​ព្រមទាំង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕