ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ជំរុញនិង​ពង្រឹង​ការ​យល់​ដឹង ​ដល់​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ ពី​ឥរិយាបថ និង​ទំនាក់ទំនង​ការងារ ដើម្បី​លើកកម្ពស់​ សុខដុម​នី​យ​កម្ម​នៅកន្លែងធ្វើការ

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដី​ពី “​ការ​លើកកម្ពស់​ឥរិយាបថ និង​ទំនាក់ទំនង​ការងារ​នៅ​កន្លែងធ្វើការ​” នា​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ទីស្ដីការក្រសួង ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង ​ពី​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​វិជ្ជាជីវៈ ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ​គ្នា​ទៅ​វិញ​ទៅ​មក ការ​លើកកម្ពស់​ផលិតភាព​ការងារ និង​ស្ថិរភាព​ការងារ ជូន​ដល់​តំណាង​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ជាង ៤០០​នាក់ មក​ពី​រោងចក្រ​ចំនួន ២២០ នៅ​ខេត្តកណ្តាល ​។

នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​កសាង​បរិយាកាស​ការងារ ដោយ​ចៀសវាង​ការ​ប្រើ​ពាក្យ​សម្ដី ឥរិយាបថ ឬ​សកម្មភាព​មិន​សមរម្យ ដែល​អាច​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ ទំនាក់ទំនង​ការងារ និង​បរិយាកាស​នៅ​កន្លែងធ្វើការ ហើយ​តម្រូវ​ឱ្យ​ទាំង​និយោជក អ្នកគ្រប់គ្រង និង​បងប្អូន​កម្មករនិយោជិត ចូលរួម​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​។ ចំពោះ​ជនបរទេស​ដែល​ធ្វើការ​នៅ​កម្ពុជា ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ស្រប​តាម​ច្បាប់ ឈ្វេងយល់ និង​គោរព​វប្បធម៌ ទំនៀមទម្លាប់ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ម្ចាស់ នាយក​សហគ្រាស និង​អ្នកគ្រប់គ្រង ឱ្យ​ពង្រឹង​គោលការណ៍ និង​យន្តការ​ផ្ទៃក្នុង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ការ​គោរព ព្រមទាំង​យកចិត្តទុកដាក់​ពិនិត្យ និង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ធនធានមនុស្ស​ជា​ប្រចាំ លើកកម្ពស់​ការ​ប្រាស្រ័យ​ទាក់ទង​នៅ​គ្រប់​កម្រិត កែ​លម្អ​ចំណុច​ខ្វះខាត​ឱ្យ​បាន​ទាន់​ពេលវេលា និង​ដោះស្រាយ​បញ្ហា​រវាង​និយោជក និង​កម្មករនិយោជិត​តាំងពី​ដំណាក់កាល​ដំបូង​។ សហគ្រាស​ក៏​អាច​រៀបចំ​ប្រអប់​បណ្ដឹង ឬ​ប្រអប់​ទទួល​សំណូមពរ ដើម្បី​ឱ្យ​អាច​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា ​។

ជា​ពិសេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អ្នកគ្រប់គ្រង និង​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន​ជាតិ​ការងារ ដើម្បី​ពង្រឹង​ចំណេះដឹង ជំនាញ និង​ការ​យល់​ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ដែល​ជា​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​បំពេញ​មុខងារ​ជា​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស​ ។

ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈ្វេងយល់ ​របស់​អ្នកគ្រប់គ្រង​ជា​ជនបរទេស ក្រសួង​បាន​បកប្រែ​ច្បាប់​ស្ដី​ពី​ការងារ ជា​ភាសា​អង់គ្លេស ចិន កូរ៉េ និង​ជប៉ុន ​។ ឯកសារ​ទាំងនេះ​នឹង​រួមចំណែក​បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច លើកកម្ពស់​វប្បធម៌​អនុលោម​ភាព និង​ធានា​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ សំដៅ​សម្រេច​បាន “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​”​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ចំពោះ​ឥរិយាបថ និង​ទំនាក់ទំនង​នៅ​កន្លែង​ការងារ ក្រសួង​ផ្ដល់​អាទិភាព​លើ​ការ​អនុវត្ត​វិធីសាស្ត្រ «​ជួប ពន្យល់ និង​រំឭក​» ដើម្បី​បង្កើន​ការ​យល់​ដឹង កែសម្រួល​ឥរិយាបថ និង​បង្ការ​កុំឱ្យ​បញ្ហា​កើតឡើង​ដដែល​ ។

ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគម​និយោជក សហជីព និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ លើកកម្ពស់​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួម​គ្នា​កសាង​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព វិន័យ ការ​គោរព​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ល្អ សំដៅ​លើកកម្ពស់​ផលិតភាព រក្សា​ស្ថិរភាព​ការងារ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ៕ អត្ថបទសហការ