ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី​ន ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​លើ​វិស័យ​ការងារ TVET និង​លើកកម្ពស់​កិច្ច​គាំពារ​ជន​ទេសន្តរប្រវេសន៍​ការងារ

52 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សេ​ណេ​ន តៀម​ស៊ី​ន ម៉ាំង​ហ្គា​លី​លេ (Senen Tiemsin Mangalile) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ជំនួប​នេះ​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការងារ ការ​អភិវឌ្ឍ​ជំនាញ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ការ​លើកកម្ពស់​សិទ្ធិ និង​កិច្ច​គាំពារ​ជន​ទេសន្តរប្រវេសន៍​ការងារ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម សេ​ណេ​ន តៀម​ស៊ី​ន ម៉ាំង​ហ្គា​លី​លេ ដែល​ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា ព្រមទាំង​បាន​លើក​ឡើង​ពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​២០២៧​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ធានា​សិទ្ធិ និង​កិច្ច​គាំពារ​ដល់​កម្មករនិយោជិត​ទាំងអស់ រួម​ទាំង​ជន​ទេសន្តរប្រវេសន៍​ការងារ​ហ្វី​លី​ពី​ន​ដែល​កំពុង​រស់នៅ និង​បំពេញការងារ​នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​ការងារ សិទ្ធិ និង​កាតព្វកិច្ច​របស់​កម្មករនិយោជិត និង​និយោជក ព្រមទាំង​វិធានការ​បង្ការ​អំពើ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​ក្នុង​ទម្រង់​ផ្សេង​ៗ​។

ពាក់ព័ន្ធ​នឹង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ជំនាញ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ និង​ឧត្ត​មា​នុ​វត្ត​ន៍​ជាមួយ​អាជ្ញាធរ​អប់រំ​បច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​ហ្វី​លី​ពី​ន (TESDA) ជា​ពិសេស​លើ​ការ​បណ្តុះបណ្តាល​ផ្អែក​លើ​សមត្ថភាព ស្តង់ដា​មុខរបរ និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល​នៃ​ប្រទេស​ទាំង​ពីរ​។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​លទ្ធភាព​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ច្បាប់ និង​នីតិវិធី​ពាក់ព័ន្ធ​ដល់​សហគមន៍​ហ្វី​លី​ពី​ន​នៅ​កម្ពុជា ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិ កាតព្វកិច្ច និង​វិធានការ​ការពារ​ខ្លួន​ពី​ហានិភ័យ​ផ្សេង​ៗ​។ លើស​ពី​នេះ ភាគី​ទាំង​ពីរ​បាន​គាំទ្រ​ការ​រៀបចំ​សកម្មភាព​រួម​គ្នា​លើ​វិស័យ​ការងារ និង TVET ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ហ្វី​លី​ពី​ន នៅ​ឆ្នាំ​២០២៧ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ នា​ពេល​ថ្មី​ៗ​នេះ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​ស្វាគមន៍ និង​យកចិត្តទុកដាក់​ចំពោះ​ជនជាតិ​ហ្វី​លី​ពី​ន​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា រហូត​ធ្វើ​ឱ្យ​ពួក​គេ​ចាត់​ទុក​កម្ពុជា​ជា​ផ្ទះ​ទី​ពីរ​របស់​ខ្លួន​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សន្ទនា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ត្រៀមខ្លួន​សហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ប្រកបដោយ​ផ្លែផ្កា​៕ អត្ថបទសហការ