ប្រទេសកូរ៉េខាងជើង ៖ លោកស្រីគីម យ៉ូជុង ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃទី១៧ កញ្ញា បានចោទសហរដ្ឋអាមេរិកថា កំពុងបង្កឲ្យមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយលោកស្រីព្រមានថា ក្រុងព្យុងយ៉ាងអាចចាត់ការតបតវិញ ។

កូរ៉េខាងជើងបានព្រមានជាថ្មី ដល់សហរដ្ឋអាមេរិក បន្ទាប់ពីសមយុទ្ធយោធាច្រើនសប្ដាហ៍របស់អាមេរិកនៅមហាសមុទ្រប៉ា
ស៊ីហ្វិក ។ ក្នុងសេចក្ដីប្រកាសមួយផ្សាយកាលពីយប់ថ្ងៃទី១៧ មក ១៨ កញ្ញា ដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNA លោកស្រីគីមយ៉ូជុងបានព្រមានថា ក្រុងព្យុងយ៉ាងអាចប្រកាន់យកចម្លើយតបវិញខ្លាំងក្លាបំផុត ចំពោះសមយុទ្ធ ដែលខ្លួនចាត់ទុកជាការប្រទូស្តរ៉ាយ ។

ពីថ្ងៃទី២៩ សីហា មក ថ្ងៃទី១០កញ្ញា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដានិងនូវែលហ្សេឡង់ បានចូលរួមក្នុងសមយុទ្ធជើងទឹកប្រចាំឆ្នាំមានឈ្មោះថាPACIFIC VANGUARD នៅជុំវិញកោះហ្គាមអាមេរិក ។ យោងតាមកងទ័ពអាមេរិកថា សមយុទ្ធនោះ ជាការកែលម្អសមត្ថភាពយោធា របស់បណ្ដាប្រទេសចូលរួមក្នុងការធ្វើរួមគ្នាបណ្ដាប្រតិបត្តិការតាមជើងទឹកក្នុងតំបន់ ។

លោកស្រីគីមយ៉ូជុង យល់ថា សមយុទ្ធទាំងនេះ ផ្ទុយទៅវិញជាការរួមចំណែកបង្កើនភាពតានតឹង ។ នោះជាសមយុទ្ធសង្គ្រាមជាទៀងទាត់របស់អាមេរិក ដែលជាប្រភពសំខាន់នៃការបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េនិងក្នុងតំបន់។ លោកស្រីក៏ចាត់ទុកសមយុទ្ធនោះដែរថា ជាការរៀបចំសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ