កុំចេះតែឱ្យគេខ្ចី ឬលក់កុងធនាគារ ! ករណី Hack ហ្វេសប៊ុកកែឈ្មោះធនាគារដើរបោកប្រាក់ ឥឡូវធ្លាក់ដល់ដៃប៉ូលិសហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៖ បង្ក្រាបករណីលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងកែបន្លំឈ្មោះគណនីធនាគារ ដើម្បីឆបោកប្រាក់ពីប្រជាពលរដ្ឋ ។ នេះបើយោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសនាថ្ងៃទី១៧ ខែកញ្ញានេះ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ជាមួយនឹងការចូលរួមសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈ ស ម ភេទប្រុស ជនជាតិខ្មែរ ពាក់ព័ន្ធករណីលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងកែបន្លំឈ្មោះគណនីធនាគារដើម្បីឆបោកប្រាក់ ។

តាមការស៊ើបអង្កេតរកឃើញថា ជនសង្ស័យបានប្រគល់គណនីធនាគារផ្ទាល់ខ្លួន ដែលមានឈ្មោះ CHHEAN SOKMENG ឱ្យទៅជនអនាមិកជាថ្នូរនឹងផលប្រយោជន៍មួយចំនួន ។ ក្រោយពីទទួលបានគណនីធនាគាររបស់ជនសង្ស័យខាងលើមកកាន់កាប់ ជនអនាមិកបានកែឈ្មោះគណនីធនាគារនេះទៅជា KORN MENGKEA by S.C លេខ 125 072 409 074 195។ បន្ទាប់ពីជនអនាមិកបានធ្វើសកម្មភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុករបស់អ្នកដទៃ រួចទាក់ទងបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាច្រើននាក់ ដោយប្រើប្រាស់គណនីធនគារខាងលើនេះ ដើម្បីជាមធ្យោបាយទទួលផលនៃបទល្មើស ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការលួងលោមសន្យាផ្តល់ប្រាក់កម្រៃ ឬផលប្រយោជន៍ផ្សេងៗពីជនមិនស្គាល់មុខ ដើម្បីជាថ្នូរនឹងការលក់ឬឱ្យខ្ចីគណនីធនាគារ ដោយអំពើនេះ គឺជាការសមគំនិតក្នុងបទល្មើសឧក្រិដ្ឋ ដែលនាំឱ្យលោកអ្នកត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ៕


ចែករំលែកព័តមាននេះ