ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​៣​ឆ្នាំ​ នគរបាលអន្តរាគមន៍​គ្រោះ​អគ្គិភ័យ​បាន​ជាង៣​ពាន់​ករណី និង​បណ្តុះបណ្តាល​មន្ត្រី​ជាង១​ម៉ឺន​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០២៣ ដល់​ឆមាស​ទី​១ ឆ្នាំ​២០២៦  ហេតុការណ៍​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​បាន​កើតឡើង​សរុប៣.១០៣​លើក​ ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

ថ្លែង​ក្នុង​វី​ដេ​អូ​សង្ខេប​ព័ត៌មាន កាលពី​ពេល​ថ្មី​ៗ​នេះ​លោក ទូច សុ​ឃៈ អ្នក​នាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ក្នុង​នោះ កម្លាំង​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ចេញ​អន្តរាគមន៍​ទប់ស្កាត់​មិន​ឱ្យ​ឆេះ​រាលដាល​ក្លាយជា​មហន្តរាយ​ធ្ងន់ធ្ងរ​ បាន​ចំនួន​២.០៩៣​លើក ខណៈ១.០១០​លើក​​ទៀត ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ពន្លត់​អគ្គិភ័យ សហការ​ជាមួយ​ប្រជាពលរដ្ឋ​រួម​គ្នា​ពន្លត់​អគ្គិភ័យ​បឋម​បាន​ទាន់​ពេលវេលា​ ។

អ្នកនាំពាក្យ​រង​បាន​បញ្ជាក់​ថា ក្រៅពី​ការងារ​ចេញ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ក្នុង​រយៈពេល​ជិត​២​ឆ្នាំ ពី​ឆ្នាំ​២០២៤ រហូត​ដល់​ឆមាស​ទី​១ ឆ្នាំ​២០២៦ ក្រសួងមហាផ្ទៃ​បាន​បង្វឹក​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ព្រមទាំង​ចេញ​វិញ្ញាបនបត្រ​ដល់​ក្រុម​បង្ការ ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច​សរុប​១០.១៥៦​នាក់ ស្មើនឹង​៧០១​ក្រុម លើ​៣៤៥​គោល​ដៅ​ ។

ក្នុង​រយៈពេល​ដូច​គ្នា​នោះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ពិនិត្យ​បច្ចេកទេស និង​ចេញ​វិញ្ញាបន​បត្រ​បញ្ជាក់​គុណភាព​នៃ​ប្រព័ន្ធ​បង្ការ ពន្លត់​អគ្គិភ័យ​ចំនួន​៥៥៣​គោល​ដៅ ព្រមទាំង​បាន​បន្ត​ចុះ​ផ្សព្វ​ផ្សា​យ​ខ្លឹមសារ​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ​សរុប​៣.១០៨​គោលដៅ​។

បើ​តាម​អ្នកនាំពាក្យក្រសួងមហាផ្ទៃ​តែងតែ​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី និង​ជំរុញ​ការ​អប់រំ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ព្រមទាំង​ណែនាំ​អំពី​វិធានការ​បង្ការ ទប់ស្កាត់​ពន្លត់​អគ្គិភ័យ​បឋម​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ​ ។

សូម​បញ្ជាក់​ថា ទន្ទឹម​នឹង​ការងារ​គ្រប់គ្រង​រដ្ឋបាល​ដែនដី ក្រសួងមហាផ្ទៃមាន​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ជា​សេនាធិការ​ស្នូល លើ​ការងារ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។

លើ​ការងារ​អគ្គិភ័យ​អគ្គស្នងការ​មាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​ជា​សេនាធិការ និង​មាន​ធនធាន​កម្លាំង​នគរបាល​ជំនាញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ នៅ​គ្រប់​ស្នងការ និង​អ​ធិ ការដ្ឋាន​ ។ រាល់ពេល​មាន​ករណី​អគ្គិភ័យ​កើតឡើង កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​តស៊ូ​ប្រយុទ្ធ​នឹង​ករណី​នេះ​ ប្រកបដោយ​ភាព​អង់អាច ដើម្បី​ធានា​សង្គ្រោះ និង​ការពារ​ជន​រង​គ្រោះ ព្រមទាំង​ទប់ស្កាត់​អគ្គិភ័យ​មិន​ឱ្យ​ឆេះ​រាលដាល​ដែល​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ ​៕