ក្មេងស្រី៣នាក់ សុំឪពុកម្តាយរួចនាំគ្នាជិះកង់ទៅលេងទឹកប្រឡាយខាងកើតភូមិ ជួបគ្រោះអកុស.ល២នាក់
- សៀមរាប
ខេត្តសៀមរាប ៖ ក្មេងស្រីចំនួន៣នាក់ សុំឪពុកម្តាយរួចជិះកង់បបួលគ្នាទៅមុជទឹកប្រឡាយ នៅខាងកើតភូមិ ស្រាប់តែជួបអកុសលលង់ទឹកស្លាប់២នាក់ នៅសល់ម្នាក់ជិះកង់មកប្រាប់ឪពុកម្តាយខាងជនរងគ្រោះ បង្កការភ្ញាក់ផ្អើលពេញភូមិ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយវាលស្រែខាងកើតភូមិមានចម្ងាយប្រមាណ៦០០ម៉ែត្រពីភូមិ និងជម្រៅទឹកប្រមាណ២,៥ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារកោះសន្តិភាពឱ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ថា ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ រួមមាន ១-ឈ្មោះ រី ស៊ីនាន អាយុ៩ឆ្នាំ ជាសិស្ស នៅភូមិ-ឃុំកើតហេតុខាងលើ មានឪពុកឈ្មោះ រ៉ង រី អាយុ៤៤ឆ្នាំ មុខរបរ ធ្វើស្រែ និងម្តាយឈ្មោះ ផាន់ នឿត អាយុ ៤៥ មុខរបរ ធ្វើស្រែ និង២-ឈ្មោះ ប៊ុនថាន ស៊ីណាត អាយុ៨ឆ្នាំ សិស្ស នៅភូមិ-ឃុំកើតហេតុខាងលើ មានឪពុកឈ្មោះ ឈឿម ថាន អាយុ ៣២ឆ្នាំ មុខរបរ ធ្វើស្រែ និង ម្តាយឈ្មោះ ព្លេង ចុង អាយុ ៣១ឆ្នាំ មុខរបរ ធ្វើស្រែ ។
តាមប្រភពព័ត៌មានបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ផាន វ៉ារិន ភេទស្រី អាយុ៨ឆ្នាំ ជាមិត្តភក្តិរបស់ក្មេងស្រីរងគ្រោះទាំង២ នាក់ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រូបគេ និងមិត្តភក្តិ២នាក់ទៀត គឺឈ្មោះ រី ស៊ីនាន និងឈ្មោះប៊ុនថាន ស៊ីណាត រស់នៅភូមិ ឃុំជាមួយគ្នា បាននាំគ្នាជិះកង់ទៅលេងទឹកប្រឡាយ នៅវាលស្រែខាងកើតភូមិ ពេលទៅដល់រូបគេ មិនបានចុះលេងទឹកនោះទេ មានតែឈ្មោះ រី ស៊ីនាន និងឈ្មោះ ប៊ុនថាន ស៊ីណាត ដែលបានចុះលេងទឹកប្រឡាយនោះ ។
តាមប្រភពដដែលបានបន្តថា លុះពេលពួកគេទាំង២ កំពុងហែលលេងក្នុងទឹកបានមួយសន្ទុះ ស្រាប់តែឃើញអ្នកទាំង២លង់ទឹកដោយលើកដៃបោយហៅរូបនាងជួយ តែរូបនាងមិនហ៊ានចុះជួយទេ ខ្លាចលង់ទឹកជាមួយ ។ បន្ទាប់មក រូបនាងភ័យខ្លាំងក៏ជិះកង់ទៅប្រាប់ឈ្មោះ រ៉ង រី នៅឯភូមិដែលត្រូវជាឪពុករបស់ឈ្មោះ រី ស៊ីនាន ដោយប្រាប់ថាឈ្មោះ រី ស៊ីនាន និង ឈ្មោះ ប៊ុនថាន ស៊ីណាត បានលង់ទឹកហើយ ។ ពេលនោះឈ្មោះ រ៉ង រី ត្រូវជាឪពុក និងអ្នកភូមិក៏ផ្អើលបាននាំគ្នាទៅជួយដែរ ប៉ុន្តែជាអកុសលក្មេងស្រីទាំង២ បានស្លាប់បាត់បង់ជីវិតទៅហើយ ។
តាមប្រភពពីសមត្ថកិច្ចបន្ថែមថា តាមការបំភ្លឺរបស់ឈ្មោះ រ៉ង រី ត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះឈ្មោះ រី ស៊ីនាន បានឱ្យដឹងថាអំឡុងម៉ោង១២ថ្ងៃត្រង់ថ្ងៃកើតហេតុ កូនស្រីរបស់គាត់ឈ្មោះ រី ស៊ីនានបានសុំគាត់ ជិះកង់ទៅលេងទឹកប្រឡាយវាលស្រែខាងកើតភូមិជាមួយមិត្តភក្តិរបស់គេ ២នាក់ទៀត រួមមាន ឈ្មោះ ប៊ុនថាន ស៊ីណាត ភេទស្រី និងឈ្មោះ ផាន វ៉ារិន ភេទស្រី ។
ស្រាប់តែវេលាម៉ោង១រសៀលថ្ងៃដដែល ឃើញឈ្មោះ ផាន វ៉ារិន បានរត់មកផ្ទះហើយប្រាប់គាត់ថា ឈ្មោះ រី ស៊ីនាន និងឈ្មោះ ប៊ុនថាន ស៊ីណាត បានលង់ទឹកប្រឡាយនៅខាងកើតភូមិត្រង់ចំណុចកើតហេតុខាងលើ ។ ពេលនោះរូបគាត់និងអ្នកភូមិក៏បាននាំគ្នាទៅមើលតែមិនឃើញ ក៏នាំគ្នាចុះរាវរកក្នុងទឹកប្រឡាយនោះហើយបានប្រទះឃើញសពក្មេងស្រីទាំង២នាក់ រួចក៏នាំគ្នាស្រង់យកមកលើគោក ដោយបានធ្វើចលនាសង្គ្រោះបឋមដែរ តែក្មេងស្រីរងគ្រោះទាំង២នៅតែមិនដឹងខ្លួន ។ ដោយមិនអស់ចិត្ត ក្រុមគ្រួសារក៏បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រែខ្វាវបន្ត ហើយក្រុមគ្រូពេទ្យបានពិនិត្យ និងប្រាប់ថា ក្មេងស្រីរងគ្រោះទាំង២នាក់បានស្លាប់បាត់ហើយ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្រោយការពិនិត្យសាកសពនៅគេហដ្ឋានរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ ស្ថិតនៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប.គ្រប់ផ្នែកទាំងអស់នេះរាងកាយក្មេងស្រីរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។
យោងតាមការបំភ្លឺពីសាក្សី និងការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យមណ្ឌលសុខភាព ស្រែខ្វាវ សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះទាំង២នាក់ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បើតាមឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានទទួលស្គាល់ថា កូនស្រីទាំង២នាក់របស់ពួកគាត់ បានលង់ទឹកស្លាប់ពិតមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកអង្គរជុំ ក៏បានប្រគល់សាកសពក្មេងស្រីរងគ្រោះទាំង ២នាក់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ហើយ ៕





ចែករំលែកព័តមាននេះ