ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​កម្ពុជា​ប្រចាំ UN លើក​ឡើង​ពី​ផល​ប៉ះពាល់​នៃ​ជម្លោះព្រំដែន​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បដិសេធ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​ថៃ

13 ម៉ោង មុន

ទីក្រុង​ហ្សឺ​ណែវ ៖ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ នា​សម័យប្រជុំ​លើក​ទី​៦៣ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ឯកឧត្តម​ឯកអគ្គរាជទូត កែ សុវណ្ណ តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ថ្លែង​បទ​អន្តរាគមន៍ ក្រោម​របៀបវារៈ​ទី​៣៖ កិច្ច​សន្ទនា​អន្តរ​កម្ម​ស្តី​ពី របាយការណ៍​វិភាគ​របស់​ឧត្តមស្នងការ​ស្តី​ពី សិទ្ធិ​មនុស្ស​របស់​ស្ត្រី និង​កុមារ​នៅ​ក្នុង​ស្ថានភាព​ជម្លោះ និង​ក្រោយ​ជម្លោះ ។

នៅ​ក្នុង​បទ​អន្តរាគមន៍ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត​កម្ពុជា បាន​គូសបញ្ជាក់​ពី​ផល​ប៉ះពាល់​ធំធេង នៃ​ជម្លោះ​ប្រដាប់​អាវុធ​មក​លើ​ប្រជាជន​ស៊ី​វិល ជា​ពិសេស​ស្ត្រី និង​កុមារ រួម​ទាំង​ប្រជាជន​កម្ពុជា​ជាង ២០,០០០​នាក់ ដែល​បន្ត​ភៀសខ្លួន​នៅឡើយ និង​ផ្ទៃដី​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រាប់បែក​ចង្កោម​ថ្មី ដែល​ជា​លទ្ធផល​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។

ឯកឧត្តម​បាន​អំពាវ​ឱ្យ​មានការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​ច្បាប់​អន្តរជាតិ ច្បាប់​មនុស្សធម៌ និង​ច្បាប់​សិទ្ធិ​មនុស្ស ដើម្បី​ការពារ​ប្រជាជន​ស៊ី​វិល​ពី​ឥទ្ធិពល នៃ​សង្គ្រាម ។

ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ពី​សំណាក់​ប្រទេស​ថៃ និង​បំភ្លឺ​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្តើម នៃ​អំពើ​អរិភាព បញ្ហា​មីន ការ​ខូចខាត​បេតិកភណ្ឌ​វប្បធម៌ (​ជា​ពិសេស​ប្រាសាទព្រះវិហារ​) របាយការណ៍​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ការ​ភៀស​សឹក និង​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ក៏​ដូច​ជា​សកម្មភាព​ខុសច្បាប់​របស់​កងទ័ព​ថៃ​នៅ​លើ​ទឹកដី​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​ខុសច្បាប់ ។

ឯកឧត្តម​បាន​បញ្ជាក់​ជា​ថ្មី នូវ​ការ​អំពាវនាវ​របស់​កម្ពុជា ឱ្យ​មានការ​គោរព​យ៉ាង​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ៕