រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានសម្រេចចិត្តលោតទម្លាក់ខ្លួនពីលើជាន់ទី២ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយសារការភ័យស្លន់ស្លោ ពេលឃើញអណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅមុខបន្ទប់របស់ខ្លួន ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៩និង៤៩នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រោមស្ពានមរតកតេជោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញផ្សែងខ្មៅហុយខ្មួលខ្មាញ់ចេញពីជាន់ទី២ នៃទីតាំងខាងលើ ដោយមានបុរសរងគ្រោះម្នាក់អាយុជាង ៦០ឆ្នាំ នៅក្នុងនោះផងដែរ។ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅជិតខាងបានស្ទុះស្ទាប្រមូលបំពង់ពន្លត់អគ្គិភ័យឡើងទៅជួយបាញ់ពន្លត់ជាបន្ទាន់ ប៉ុន្តែដោយសារស្ថានភាពផ្សែងច្រើន និងអណ្តាតភ្លើងបានឆាបឆេះខ្លាំងពេក ពុំអាចគ្រប់គ្រងស្ថានភាពបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យឱ្យចុះមកអន្តរាគមន៍ ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះដោយសារតែមានការភ័យខ្លាចយ៉ាងខ្លាំង ពេលឃើញអគ្គិភ័យឆាបឆេះនៅជាន់ដែលខ្លួនកំពុងរស់នៅ ក៏បានសម្រេចចិត្តលោតចុះមកក្រោម ដើម្បីគេចខ្លួន ប៉ុន្តែជាអកុសលបានបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងសម្របសម្រួលជាមួយមន្ត្រីជំនាញកោសល្យវិច័យ ដើម្បីពិនិត្យទីតាំងកើតហេតុ ស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងស្រាវជ្រាវទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ដើម្បីប្រគល់សពធ្វើបុណ្យតាមប្រពៃណី ៕







ចែករំលែកព័តមាននេះ