ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លែ​ដុះ​លើ​ប្រាសាទ និង​ចម្លាក់ បង្កើត​ជា​ទស្សនីយ​ភាព​គាប់​នេត្រា

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ភាព​អស្ចារ្យ​នៃ​«​ស្លែ​» ដុះ​នៅ​លើ​ថ្ម​ប្រាសាទបុរាណ ធ្វើ​ឱ្យ​រូបចម្លាក់​ថ្ម​ហាក់ដូច​មានជីវិត ។ លក្ខណៈ​បែប​នេះ​ជា​ទស្សនីយភាព​ប្រណីត​មួយ​បែប​ទាក់​អ្នកទេសចរ​ឱ្យទៅ​ទស្សនា​គយគន់ និង​ថត​ផ្ដិត​រូបភាព ។

កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០២៦ អាជ្ញាធរ​ជាតិ​អប្សរា ពណ៌នា​ថា ក្នុង​រដូវវស្សា​ដែល​មាន «​ស្លែ​» ដុះ​នៅ​លើ​ថ្ម​នៃ​ប្រាសាទបុរាណ​នានា បង្កើត​ឱ្យ​ឃើញ​ពណ៌​បៃតង ហាក់បីដូចជា​ត្បូង​ម​រកត បាន​ធ្វើ​ឱ្យ​សម្រស់​របស់​ប្រាសាទ​ស្អាត​ប្លែក​ម្យ៉ាង ក្នុង​ការ​ទាក់ទាញ​អារម្មណ៍ និង​ភ្នែក​អ្នកទេសចរ ដ៏​គួរ​ឱ្យ​ចាប់ចិត្ត​មួយ​ផ្នែក ។

ជា​រៀងរាល់ថ្ងៃ មាន​អ្នកទេសចរ​ខ្លះ បាន​ចាប់អារម្មណ៍ និង​ចំណាយពេល​ទៅ​ទស្សនា​រូបចម្លាក់​មួយ​ចំនួន ដែល​ស្លែ​បាន​ដុះ​រុំ​ជិត បង្កើត​ឱ្យ​មាន​ពណ៌​បៃតង ដោយ​ពួក​គេ​បាន​ថតរូប​ភាព​យ៉ាងច្រើន​ទុកជា​អនុស្សាវរីយ៍ ។

«​ស្លែ​» ដែល​ដុះ​រុំ​លើ​ផ្ទាំង​ថ្ម​ប្រាសាទបុរាណ មិន​ត្រឹមតែ​បង្កើត​ជា​ទស្សនីយភាព​ថ្មី ឱ្យ​មានការ​ទាក់ទាញ និង​ចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ផង​ដែរ ។

អ្នកជំនាញ​ផ្នែក​អភិរក្ស​ថ្ម​បុរាណ បាន​ពន្យល់​ថា ស្លែ​ធម្មជាតិ ដុះ​នៅ​លើ​ថ្ម​ប្រាសាទបុរាណ គឺជា​ប្រភព​នៃ​ភាព​អស្ចារ្យ និង​ការពារ​ពី​កម្តៅ និង​ជួយ​បន្សុទ្ធ​ខ្យល់​ក្នុង​អាកាស ។

បច្ចុប្បន្ន​នេះ​ក្រុងធំ​ៗ​លើ​ពិភពលោក​កំពុង​បណ្ដុះ​ស្លែ​ដាក់​ឱ្យ​ជួយ​បរិស្ថាន​ក្នុង​ក្រុង ។ តែ​យើង​មានសំណាង​ដែល​វា​បាន​ដុះ​រស់នៅ​លើ​ថ្ម មិន​ថា ខែវស្សា ឬ​ប្រាំង បើ​ទោះ​រដូវប្រាំង ក៏​វា​នៅ​តែ​ដើរតួ​នាទី​ជា​ស្រទាប់​កាត់​បន្ថយកម្តៅ​មក​លើ​ថ្ម​ដែរ ។

ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ទៅ​ទស្សនា​ស្លែ​ពណ៌​បៃតងខ្ចី ដុះ​នៅ​លើ​ថ្ម​កំពុង​ជួយ​ឱ្យ​រមណីយដ្ឋាន​អង្គរ ដែល​សម្បូរ​ដោយ​ប្រាសាទបុរាណ​មាន​ភាព​ទាក់ទាញ បង្កើត​ជា​ទេសភាព​ស្រស់បំព្រង និង​មាន​ភាព​រស់​រវើក​ក្នុង​រដូវភ្លៀង​នេះ ៕