ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងប៉ោយប៉ែតត្រៀមទ្វារទឹក៥កន្លែង ដើម្បីរំដោះទឹក និងទប់​ស្កាត់​ជំនន់ហូរ​ពី​ថៃ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកអូរព្រំដែន ដើម្បីត្រៀមបើកទ្វារទឹករំដោះទឹក បន្ទាប់ពីទទួលបានព័ត៌មានអំពីស្ថានភាពទឹកជំនន់នៅក្នុងខេត្តស្រះ​កែវ ប្រទេសថៃ ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោយទទួលបានដំណឹងពីភាគីថៃថា មានទឹកជំនន់ឡើងខ្លាំង និងដោយ​សារកម្រិតទឹកអូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មានការហក់ឡើងជាបន្តបន្ទាប់ ដែលអាចប្រឈមការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅអមសងខាងអូរនោះ ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់នៅតាមតំបន់សំខាន់ៗ ដូចជា សង្កាត់អូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ។

លោកបានបន្ថែមថា បទពិសោធន៍ពីឆ្នាំកន្លងមក ពេលខេត្តស្រះកែវបើកទ្វារទឹក គឺបានធ្វើឱ្យទឹកហូរធ្លាក់ចូលអូរព្រំដែន និងបង្កការលិចលង់ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៣ នៃក្រុងប៉ោយប៉ែត ។

យោងតាមស្ថានការណ៍ឆ្នាំនេះ​ដែលទឹកកំពុងឡើងខ្លាំង ក្រុមការងារបានត្រៀមលក្ខណៈរួចជាស្រេច ដោយរៀបចំបើកសំណង់ទ្វារទឹកចំនួន​៥កន្លែង ដើម្បីរំដោះទឹកកុំឱ្យប៉ះពាល់ដល់ជីវភាព និងលំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅជាប់អូរព្រំដែន​ឡើយ ។