អធិការរងនគរបាលក្រុងប៉ោយប៉ែត ត្រូវបណ្តេញចេញពីក្របខណ្ឌ ព្រោះញៀ.នថ្នាំ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ថា អធិការរងនគរបាលក្រុងប៉ោយប៉ែត ដែលបើករថយន្តបុកអ្នកជិៈម៉ូតូរបួសធ្ងន់-ស្រាល៣នាក់ រកឃើញប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយមិនចាំបាច់នីតិវិធីវែងឆ្ងាយ ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងក្នុងកម្មវិធីថា មានអធិការរងនគរបាលក្រុងប៉ោយប៉ែតម្នាក់ ដែលបើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលរបួសធ្ងន់-ស្រាលចំនួន៣នាក់នៅក្រុងប៉ោយប៉ែត ក្រោយកម្លាំងជំនាញធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុញៀន ដែលស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានស្នើសុំនីតិវិធីដាក់ទណ្ឌកម្មនិងបណ្តេញចេញពីក្របខណ្ឌ បើរកឃើញប្រើប្រាស់សារធាតុញៀន ដោយមិនចាំបាច់ធ្វើនីតិវិធីវែងឆ្ងាយទេ គឺត្រូវបង្រួមអោយខ្លីបំផុត ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា មន្ត្រីនគរបាលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវសំណងលើជនរងគ្រោះ កម្លាំងជំនាញត្រូវបន្តនីតិវិធី បើរកឃើញប្រើប្រាស់សារធាតុញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ។ ការ
លើកឡើងចំពោះលោកវរសេនីយ៍ត្រី ប៉ឹង ដូ អធិការរងនគរបាលក្រុងប៉ោយប៉ែត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តគ្មានផ្លាកលេខបុកអ្នកជិះម៉ូតូ បណ្តាលប៉ើងរបួសធ្ងន់ស្រាលស្ត្រី៣នាក់ ហើយព្យាយាមបើកគេចខ្លួនពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវ បានចូលដោះស្រាយសំណងទៅលើជនរងគ្រោះទាំង៣នាក់ចំនួន១៤លានរៀល ហើយមន្ត្រីជំនាញធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុញៀន ត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិហើយ ។

គួររំលឹកថា អធិការរងនគរបាលក្រុងប៉ោយប៉ែតចំនួន២នាក់ហើយ ដែលត្រូវបណ្តេញចេញពីក្របមន្ត្រីនគរបាលជាតិក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ ។ កាលដើមខែកញ្ញា ក្រសួងមហាផ្ទៃបានផ្អាកការងារចំពោះលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយយប៉ែត ជាបណ្តោះអាសន្ន ដែលយករថយន្តនិងម៉ូតូទៅប្រើប្រាស់ផ្ទាល់ខ្លួន ជាវត្តុតាងបទល្មើសអនឡាញស្គេម ដែលបង្ក្រាបនៅក្រុងប៉ោយប៉ែត ៕


ចែករំលែកព័តមាននេះ