ខេត្តសៀមរាប ៖ ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមាដែលមានប្រភពមកពីប្រាសាទអង្គរវត្ត ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរា បានប្រកាសនាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ។

ក្រុមការងារនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមា ដែលកន្លងមកអាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត ។ នេះជាការងារដ៏សំខាន់មួយ មុននឹងយកបំណែកបដិមាទាំងនោះទៅរក្សាទុក និងឈានដល់ការជួសជុលនាពេលខាងមុខ ។

លោកស្រី ជន ចន្ទណារ័ត្ន បុគ្គលិកបច្ចេកទេស នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា បច្ចុប្បន្នក្រុមការងារផ្នែកសម្អាតវត្ថុបុរាណ កំពុងសម្អាតលើបំណែកព្រះបដិមាថ្មភក់សរុបជិត ៣០០ បំណែក ។ លោកស្រីបន្ថែមថា បំណែកទាំងនោះមានតូចមានធំ ភាគច្រើនជាថ្មភក់ និងខ្លះជាថ្មភ្នំ និងជាកុលាលភាជន៍ ។

បុគ្គលិករូបនេះ បានរំឭកថា បំណែកព្រះបដិមាខាងលើ ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញនៅឆ្នាំ២០២០ អំឡុងពេលជីករណ្តៅដីដើម្បីរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ។ នៅខែកក្កដា ឆ្នាំ២០២៦ បំណែកបដិមាទាំងអស់ត្រូវបានបញ្ជូនមកខាងសារមន្ទីរ ដើម្បីរៀបចំចុះបញ្ជីលេខ និងសម្អាត។

តាមការបញ្ជាក់ពីលោកស្រី ជន ចន្ទណារ័ត្ន ការសម្អាតមាន២ របៀប គឺទី១ សម្អាតស្ងួត និងទី២ សម្អាតសើម។ ហើយការសម្អាតត្រូវមានការប្រុងប្រយ័ត្ន ថ្នមៗ ដ្បិតថារូបបដិមាមួយចំនួនធំ មានការពុកផុយ ពិសេសបដិមាដែលមានលាបម្រ័ក្សណ៍ ។ ដោយសារកត្តាទាំងនេះ ទើបធ្វើឱ្យការងារសម្អាតប្រើពេលយូរ ដោយការសម្អាតថ្មមួយៗត្រូវការពេលពី១ ទៅ២ សប្តាហ៍ ។ បច្ចុប្បន្ន ក្រុមការងារបានសម្អាតបដិមាបានចំនួន១០ រូប និងបន្តការសម្អាតទាំងនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់៕ អត្ថបទ ៖ នាង សំណាង




ចែករំលែកព័តមាននេះ