ឃាត់ខ្លួននារីម្នាក់ សង្ស័យរួមគំនិត ពាក់ព័ន្ធការស្លា.ប់មិត្តភក្តិជាបុគ្គលិកលក់រថយន្ត កាល២ថ្ងៃមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធករណីវាយសម្លាប់មិត្តភក្តិ បន្ទាប់ពីជួបជុំគ្នាផឹកស៊ី និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួលមួយកន្លែង នៅមូលដ្ឋានខណ្ឌទួលគោក ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំនិងព្រៃវែងស្រាវជ្រាវឃាត់ខ្លួនបានហើយកាលពីល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិជោរ៍ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង រួចបញ្ជូនមកអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ គួររំលឹកថា រត់គេចខ្លួនម្នាក់ ឃាត់ខ្លួនបានម្នាក់ សង្ស័យពាក់ព័ន្ធការស្លា.ប់នារីបុគ្គលិកលក់រថយន្ត ក្នុងបន្ទប់ជួលមួយកន្លែង នៅខណ្ឌទួលគោក
ជនសង្ស័យរូបនោះ ឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិក្រវាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្នាក់នៅបន្ទប់ជួលកើតហេតុ ។ នារីរូបនោះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធរួមគំនិតជាមួយសង្សារឈ្មោះ ស៊ន គីមអៃ វាយសម្លាប់មិត្តភភ្តិជាបុគ្គលិកលក់រថយន្តម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបជុំគ្នាផឹកស្រវឹង និងប្រើប្រាស់គ្រឿងញៀន។
គួរបញ្ជាក់ថា ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្ទះលេខ២៤១ ជាន់ទី២ ផ្លូវលេខ១៤៦ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ឈ្មោះ កឹម ម៉ារ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកលក់រថយន្ត ទីលំនៅផ្ទះលេខ៦៥ ផ្លូវលេខ១៤៦ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យមានគ្នា២នាក់ រួមមាន ១-ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកទិញលក់រថយន្ត ទីលំនៅផ្ទះលេខ១០១ ផ្លូវ០៩A ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង២-ឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិក្រវាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃស្រាវជ្រាវ ឃាត់ខ្លួនបាននៅខេត្តព្រៃវែង បន្ទាប់ពីរត់គេចខ្លួនបាន១ថ្ងៃ។
នៅវេលាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មុនពេលកើតហេតុ ជនរងគ្រោះរួមនឹងមិត្តភក្តិបានជួបជុំគ្នាផឹកនៅកន្លែងលក់រថយន្តមួយកន្លែង លុះនៅវេលាម៉ោង៣ និង៤១នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះ និងមិត្តភក្តិ២នាក់ទៀតដែលជាជនសង្ស័យបាននាំគ្នាទៅបន្ទប់កន្លែងកើតហេតុប្រើប្រាស់គ្រឿងញៀន ស្រាប់តែព្រឹកឡើងមានការភ្ញាក់ផ្អើល បន្ទាប់ពីជនរងគ្រោះមិនស្រួលខ្លួនសន្លប់ដេកស្តូកស្តឹង ហើយជនសង្ស័យបានហៅរថយន្តបម្រុងបញ្ជូនទៅសង្គ្រោះដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលជុំវិញករណីខាងលើ នគរបាលជំនាញក៏បានចុះទៅត្រួតពិនិត្យសាកសពនិងកន្លែងកើតហេតុរកឃើញ កែវទឹកខ្នាតតូចចំនួន៣ , និងថូដាក់ទឹកខ្នាតតូចចំនួន១, កញ្ចប់ថ្នាំម៉ាក PORSCHE ប្រើរួចចំនួន១ ស្លាបព្រាជ័រចំនួន១ ដែល ជនរងគ្រោះប្រើប្រាស់ថ្នាំញៀន។
តាមការត្រួតពិនិត្យសាកសព រកឃើញមានស្នាមជាំហើមនិងពោរមុខ និងថ្ពាល់ទាំងសងខាង ភ្នែកទាំងសងខាងជាំហើម។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច លោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ វាយផ្ទៃមុខ ហើយជនរងគ្រោះបានប្រើប្រាស់សារធាតុញៀនប្រភេទK និងអេស្ដាស៊ី។
តាមជនសង្ស័យដែលត្រូវឃាត់ខ្លួន បានសារភាពឱ្យដឹងថា បន្ទាប់ពីប្រើប្រាស់គ្រឿងញៀន ជនរងគ្រោះបានសន្លប់ស្ដូកស្ដឹងហើយខ្លួនបានវាយ និងទះដើម្បីសង្គ្រោះ រួចទាក់ទងហៅរថយន្តដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ៕




ចែករំលែកព័តមាននេះ