ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេចខ្លួនម្នាក់ ឃាត់ខ្លួនបានម្នាក់ សង្ស័យពាក់ព័ន្ធ​ការស្លា.ប់នារីបុគ្គលិកលក់រថយន្ត​ ក្នុងបន្ទប់ជួលមួយកន្លែង ​នៅ​ខណ្ឌទួលគោក​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នារី​ជា​បុគ្គលិក​លក់​រថយន្ត​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ បន្ទាប់​ពី​ជួបជុំ​គ្នា​ផឹក​ស្រវឹង​និង​ប្រើប្រាស់​គ្រឿងញៀន​ហើយ​គេ​សង្ស័យ​ថា​មិត្ត​ភ​ក្តិ​ប្រុសស្រី​​ចំនួន​ពីរ​នាក់​វាយ រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ ។ ​ទោះបីជា​យ៉ាងណា​ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​សារភាព​ថា​ ខ្លួនវាយ​ដើម្បី​សង្គ្រោះ​នារីរងគ្រោះ​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៥ ព្រឹក ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅផ្ទះ​លេខ​២៤១ ជាន់​ទី​២ ផ្លូវ​លេខ​១៤៦ ភូមិ​១១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិតឈ្មោះ កឹ​ម ម៉ា​រ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​លក់​រថយន្ត ទីលំនៅ​ផ្ទះ​លេខ​៦៥ ផ្លូវ​លេខ​១៤៦ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ចំណែក​ជនសង្ស័យ​ទាំង២នាក់ ក្នុងនោះ​ ១-​ឈ្មោះ ស៊ន គី​ម​អៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អ្នកទិញ​លក់​រថយន្ត ទីលំនៅ​ផ្ទះ​លេខ​១០១ ផ្លូវ​០៩A ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។

២. ឈ្មោះ ថា​ន ស្រី​ពី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ក្រ​វាក់​ដែក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ បាន​គេចខ្លួន​បាត់​ ។

តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មានការ​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​ជនសង្ស័យ​បាន​ទាក់ទង​ហៅ​រថយន្ត​សា​ម៉ុ​យ ដើម្បី​នាំ​នារី​ជន​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែរ តែ​ក្រុម​គ្រូពេទ្យ​បាន​អះអាង​ថា នាង​ស្លាប់​បាត់​ទៅ​ហើយ​។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ដែល​ជា​មិត្ត​ភ​ក្តិ និង​ជា​ម្ចាស់​បន្ទប់​បាន​គេចខ្លួន​បាត់ នៅ​សល់​ដែល​បុរស​ម្នាក់​ដែល​ជា​សង្សារ​មិត្ត​ភ​ក្តិ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ជន​រង​គ្រោះ​រួម​និង​មិត្ត​ភ​ក្កិ​បាន​ជួបជុំ​គ្នា​ផឹក​នៅ​កន្លែង​លក់​រថយន្ត​មួយ​កន្លែង​ លុះ​នៅ​វេលា​ម៉ោង​៣ និង​៤១​នាទី ឈានចូលព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ ជន​រង​គ្រោះ និង​មិត្តភក្តិ​២​នាក់​ទៀត​ដែល​ជា​ជនសង្ស័យ​បាន​នាំ​គ្នា​ទៅ​បន្ទប់​កន្លែង​កើតហេតុ​ប្រើប្រាស់​គ្រឿងញៀន​ស្រាប់តែ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​ជន​រង​គ្រោះ​មិន​ស្រួលខ្លួន​ហើយ​ហៅ​រថយន្ត​បំរុង​បញ្ជូន​ទៅ​សង្គ្រោះ​ដែរ តែ​នាងបានស្លាប់​បាត់​ទៅ​ហើយ​។

តាម​ឪពុក​បង្កើត​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ កូនស្រី បាន​ទូរស័ព្ទ​ហៅ​គាត់ មក​ផឹកស៊ី​នៅ​កន្លែង​លក់​រថយន្ត​នៅ​ក្បែរ​ផ្ទះ ដោយ​បាន​អង្គុយ​ផឹក​ជាមួយ​កូនស្រី និង​មិត្តភក្តិ​កូនស្រី២​នាក់​ទៀត ឈ្មោះ ស៊ន គី​ម​អៃ ភេទ​ប្រុស និង​ឈ្មោះ ថា​ន ស្រី​ពី ភេទ​ស្រី​ (​ជនសង្ស័យ​)​ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ ឈ្មោះ ស៊ន គី​ម​អៃ បាន​ទូរស័ព្ទ​មក​ប្រាប់​ថា​កូនស្រី​បាន​ស្លាប់ នៅ​ក្នុង​បន្ទប់​ជួល​។

តាម​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​សារភាព​​ប្រាប់​​សមត្ថកិច្ច​​ថា បន្ទាប់​ពី​ប្រើប្រាស់​គ្រឿងញៀន​ ជន​រង​គ្រោះ​បាន​សន្លប់​ស្ដូកស្ដឹង​ ហើយ​ខ្លួន​បាន​វាយ និង​ទះ ​ដើម្បី​សង្គ្រោះ ​រួច​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះដែរ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

បន្ទាប់​ពីមានការ​​ភ្ញាក់ផ្អើលជុំវិញករណីខាងលើ​ ​នគរ​បាល​​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សាកសព​និង​កន្លែង​កើតហេតុ​រក​ឃើញ​កញ្ចប់ថ្នាំ​និង​កែវ​ ដែលជន​រង​គ្រោះ​ប្រើប្រាស់​ថ្នាំ​ញៀន​។

តាម​ការ​ត្រួតពិនិត្យ​សាកសព មាន​ស្នាម​ជាំ​ហើម​និង​ពោ​រ​មុខ និង​ថ្ពាល់​ទាំង​សងខាង​ ​ភ្នែក​ទាំង​សងខាង​ជាំ​ហើម​។

បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​ លោកវេជ្ជបណ្ឌិត ជាង រ៉េ​ន គ្រូពេទ្យ​កោសល្យវិច្ច័យអម​តុលាការ​រាជធានី​ភ្នំពេញ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ វាយ​ផ្ទៃមុខ ហើយ​ជន​រង​គ្រោះ​បានប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​K និង​អេ​ស្ដា​ស៊ី​ ។​

បច្ចុប្បន្ន​ សពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​​យក​​ទៅ​តម្កល់ទុក​​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​