រាជធានីភ្នំពេញ ៖ បងប្អូន សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ ។

ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ ឌូជូអាន(Dujuan)T2625 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ឌូជូអាន នេះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦៖
១. តំបន់វាលទំនាប ៖ សីតុណ្ហភាពមាន អប្បបរមា២៥°C និងអតិបរមា៣៣°C ។ បក់មកពីទិសនិរតី និងពាយព្យ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ។ ស្ថានភាពភ្លៀងមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៥០% ។

២. តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៤°C និងអតិបរមា ៣១°C ។ បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី ។ ស្ថានភាពភ្លៀងមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៧០% ។

៣. តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៤°C ។ ល្បឿនខ្យល់៖ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ។ ស្ថានភាពភ្លៀង៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៦០% ។
ចំពោះស្ថានភាពរលកសមុទ្រ ៖ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ ៕

ចែករំលែកព័តមាននេះ