នៅប្រទេសកម្ពុជា មានយុវជនដែលមានអាយុចន្លោះពី១៥ ទៅ២៤ឆ្នាំ ជាមធ្យមចំនួន ៨ នាក់ បានឆ្លងមេរោគអេដស៍ថ្មីជារៀងរាល់សប្តាហ៍ ។ នេះជាសារពញាក់នៅលើបណ្តាញសង្គមរបស់អង្គការ UNAIDS នៅកម្ពុជា ។

ប្រភពដដែលបានអះអាងថា នេះជាសាររំលឹកយើងថា វឌ្ឍនភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាថា យុវជនអាចទទួលបានព័ត៌មាន ឧបករណ៍បង្ការ និងសេវាកម្មនានាដែលពួកគេត្រូវការ ។

ប្រភពដដែលបានបន្តថា ការបង្កើតទីកន្លែងដែលមានសុវត្ថិភាព បរិយាបន្ន និងងាយស្រួលសម្រាប់យុវជនអាចជួយឱ្យយុវជនម្នាក់ៗធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងច្បាស់លាស់អំពីសុខភាពរបស់ពួកគេ ។
នៅពេលដែលយុវវ័យជាក្រុមប្រឈមមួយចម្បងខាងលើនោះ ប្រភពដដែលក៏បានបន្តថា សម្រាប់អត្រានៃការស្លាប់ ដែលពាក់ព័ន្ធនឹងជំងឺអេដស៍បានថយចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅមានមនុស្សជាមធ្យមចំនួន៣ នាក់បានស្លាប់ ដោយសារមូលហេតុពាក់ព័ន្ធនឹងជំងឺអេដស៍ជារៀងរាល់ថ្ងៃផងដែរ ៕
ចែករំលែកព័តមាននេះ