ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ឆ្នាំ វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព ​កម្ពុជា​-​ចិន ខេត្ត​ព្រះ​សីហ​នុ បណ្តុះ​យុវជន​ជំនាញ​ជាង ៥​ពាន់​នាក់

2 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ព្រះ​សីហ​នុ បាន​បណ្តុះបណ្តាល​យុវជន​សរុប​ជាង ៥​ពាន់​នាក់​ឱ្យ​មាន​ជំនាញ​ ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ ​។

លោក ប៊ូ សំអាត នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក វិទ្យាស្ថាន​បាន​បណ្តុះបណ្តាល​សិស្ស​-​និស្សិត​កម្រិត C2, C3, សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​បរិញ្ញាបត្រ​បច្ចេកវិទ្យា សរុប ១,៤៤១​នាក់ ក្នុង​នោះ​ស្ត្រី ៥៨០​នាក់ ខណៈ​សិស្ស​កម្រិត C1 តាម​រយៈ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១​លាន ៥​សែន​នាក់ ( TVET 1.5M) មាន​ចំនួន ៣,៦២៦​នាក់ ក្នុង​នោះ​ស្ត្រី ១,៣២២​នាក់ ។

លោកនាយក​មាន​ប្រសាសន៍​ថា​៖ «​គោលដៅ​របស់​វិទ្យាស្ថាន គឺ​មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ទ្រឹស្តី​ដល់​សិស្ស​-​និស្សិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ឱ្យ​ពួក​គេ​មាន​ជំនាញ​ច្បាស់លាស់ អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ និង​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​សហគ្រាស​» ​។

លោក​បាន​បន្ត​ថា តាម​រយៈ​កម្មវិធី TVET 1.5M វិទ្យាស្ថាន​បាន​ចូលរួម​ផ្តល់​ឱកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ប្រឈម​ហានិភ័យ ឱ្យ​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ក្នុង​រយៈពេល​ខ្លី ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ និង​ការ​គាំទ្រ​ដោយ​ផ្ទាល់ ដែល​ជួយ​ឱ្យ​យុវជន​មាន​លទ្ធភាព​រៀន​ជំនាញ និង​ឈាន​ទៅ​រក​ការងារ​ធ្វើ​ ។

ជាមួយ​គ្នា​នេះ លោក ប៊ូ សំអាត បាន​បញ្ជាក់​ថា ចំណុច​សំខាន់​មួយទៀត​របស់​វិទ្យាស្ថាន គឺ​ការ​ភ្ជាប់​ការ​បណ្តុះបណ្តាល​ទៅ​នឹង​តម្រូវការ​ការងារ​ជាក់ស្តែង​។ លោក​បញ្ជាក់​ថា អតីត​សិស្ស​-​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា មាន​អត្រា​ទទួល​បានការ​ងារ​ធ្វើ ជាង ៩០​ភាគរយ នៅ​តាម​រោងចក្រ ក្រុមហ៊ុន និង​សហគ្រាស​នានា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ជុំវិញ​ខេត្ត​ព្រះ​សីហ​នុ​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បាន​លើក​ឡើង​ថា ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​យន្តការ​សំខាន់​មួយ​ក្នុង​ការ​រៀបចំ​កម្លាំង​ពលកម្ម​កម្ពុជា​ឱ្យ​មាន​ជំនាញ​សម​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ ជា​ពិសេស​នៅ​តំបន់​ដែល​កំពុង​មានការ​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ដែល​យុវជន​ទទួល​បាន​ជំនាញ​ច្បាស់លាស់ និង​អាច​យក​ជំនាញ​នោះ​ទៅ​ប្រើប្រាស់​រក​ការងារ​ធ្វើ គឺជា​ចំណុច​សំខាន់​នៃ​ការ​បណ្តុះបណ្តាល TVET​។ ដូច្នេះ ក្រសួង​បន្ត​ជំរុញ​ឱ្យ​គ្រឹះស្ថាន TVET ពង្រឹងគុណភាព​បណ្តុះបណ្តាល និង​ឱ្យ​កាន់តែ​ស៊ីគ្នា​ជាមួយ​តម្រូវការ​របស់​ទីផ្សារ​ការងារ​» ។

លោក ស៊ុន មេ​សា បាន​បន្ថែម​ថា ការ​ចូលរួម​របស់​គ្រឹះស្ថាន TVET នៅ​តាម​រាជធានី​-​ខេត្ត មិន​ត្រឹមតែ​ជួយ​បង្កើន​ចំនួន​អ្នកមាន​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឱ្យ​យុវជន​អាច​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុងស្រុក មាន​ចំណូល និង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​៕ អត្ថបទសហការ