ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡានកុងតឺន័រ១១គ្រឿង…សង្ស័យដឹកឧបករណ៍រុករករ៉ែមាសទេដឹង?

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រថយន្តសណ្តោងទូកុងតឺន័រ​១១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង​ឃាត់ទុកម្តុំ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការដឹកជញ្ជូនសម្ភារសន្ធឹកសន្ធាប់ចូលមកក្នុងមូលដ្ឋានដោយគ្មានការជូនដំណឹងជាមុន និងមានភាពមិនប្រក្រតី ។ គេមានការសង្ស័យថា ដឹកឧបករណ៍សម្រាប់រុករករ៉ែមាស…មិនខុសទេ !

​ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ​យោងតាមប្រភពពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមជនជាតិចិនចំនួន៣នាក់ និងអ្នកបកប្រែ១នាក់ បានជិះរថយន្តចុះឡើងដើម្បីរកជួលដីសម្រាប់ស្តុកសម្ភារក្នុងតម្លៃ ៣៥០ដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែមិនទាន់បានធ្វើកិច្ចសន្យាផ្លូវការនៅឡើយទេ ។

លុះដល់រសៀលថ្ងៃទី១៦ កញ្ញា ស្រាប់តែមានរថយន្តធុនធំសណ្តោងទូកុងតឺន័រចំនួន១១គ្រឿង បានបន្តកន្ទុយគ្នាបើកចូលមកកាន់ទីតាំងដីនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍បន្តទៅអាជ្ញាធរឃុំ ។ ដោយសារភាពងងឹត និងបារម្ភពីសុវត្ថិភាព កម្លាំងសមត្ថកិច្ចចម្រុះក្រោមបទបញ្ជាពីអាជ្ញាធរខេត្តបានដាក់កម្លាំងយាម​កាមការពារពេញមួយយប់ និងបន្តការត្រួតពិនិត្យជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ។ ​ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា មន្ត្រីគយ និងរដ្ឋាករសាខាខេត្តស្ទឹងត្រែង បានផ្ទៀងផ្ទាត់លើឯកសារដឹកជញ្ជូន ដោយរកឃើញថា ទំនិញទាំងនោះដឹកមកពីខេត្តព្រះសីហនុ គោលដៅមកខេត្តស្ទឹងត្រែង ដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់គយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចថា ពេលសាកសួរក្រុមជនជាតិចិន បានផ្តល់ចម្លើយបង្វែរច្រើនដង ដោយដំបូងអះអាងថា ជាសម្ភារប្រើប្រាស់លើវិស័យកសិកម្មមុនពេលសារភាព ។ ក្រោយមក ពួកគេបានឆ្លើយប្រាប់ប៉ូលិស​តាមត្រង់ថា៖ ទំនិញសម្ភារទាំងអស់នេះ មិនមានអ្នកនាំមកទេ គឺពួកគេនាំមកដោយខ្លួនឯងសម្រាប់ធ្វើជា «សាឡង់បូមខ្សាច់» នៅក្បាលកោះត្បែង ។

តាមរយៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបភាពដោយអ្នកជំនាញអាជីវកម្មរ៉ែបានបញ្ជាក់ថា ឧប​ករណ៍ក្នុងទូកុងតឺន័រទាំងនោះ គឺគ្រឿងបង្គំសម្រាប់តម្លើងជាគ្រឿង​ចក្របូម មិនមែនជាឧបករណ៍កសិកម្មឡើយ សង្ស័យជាឧបករណ៍រែងមាសយ៉ាងពិតប្រាកដ​ ។

ពាក់ព័ន្ធនឹងការលើកឡើងជុំវិញគោលបំណង និងទីតាំងរបស់ជនជាតិចិននៅចំណុចកោះត្បែង សារព័ត៌មានកោះសន្តិភាព សូមធ្វើការរំលឹកឡើងវិញថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ មានសេចក្តីសម្រេចរបស់លោក ម៉ុម សារឿន អតីតអភិ​បាលខេត្តស្ទឹងត្រែង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌា ក្រោន ហូលីដេ អ៊ិនដាសស្ទ្រៀល ខូអិលធីឌី តំណាងដោយលោកស្រី ស៊ឹម វិបុល ធ្វើអាជីវកម្មខ្សាច់តាមផ្លូវទឹក ស្ថិតនៅភូមិញើន ឃុំស្តៅ១ ស្រុកសេសាន ខេត្តស្ទឹង ត្រែង។​ប៉ុន្តែ ផ្ទុយពីការកំណត់ក្នុងលិខិតបណ្ណអាជីវកម្ម ទីតាំងគោលដៅជាក់ស្តែងដែលក្រុមហ៊ុនបានចុះធ្វើ សកម្មភាព គឺស្ថិតនៅ ចំណុចកោះត្បែង ភូមិអ៊ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យទៅវិញទេ ។

សកម្មភាពនៅទីនោះមានការដាក់គ្រឿងចក្រធុន​ធ្ងន់ជាច្រើនគ្រឿង រួមជាមួយកញ្ច្រែងរែងស្វ័យប្រវត្តិធុនធំមួយគ្រឿង និងគ្រឿងបរិក្ខារទំនើបៗជាច្រើនទៀត ក្រោមការគ្រប់គ្រងដោយ​អ្នកជំនាញការជនជាតិចិនចំនួន ៧ ទៅ​៨នាក់ និងកម្មករខ្មែរជិត​១០នាក់ ។ កំឡុងពេលនោះ​តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ក្នុងមួយខែ ប្រសិនបើការរែងមិន​​បានផលជាមាសទម្ងន់១៥តម្លឹងទេនោះ គឺ​មិនរួចខ្លួនទេ។

​យ៉ាងណាមិញ ក្រោយពេលសកម្មភាព និងព័ត៌មានមិនប្រក្រតីទាំងនេះ ត្រូវបានទម្លាយ និងបែកធ្លាយជាសាធារណៈ ក្រុមហ៊ុនខាងលើក៏បានរំសាយ និងដក​ខ្លួនចាកចេញពីទីតាំងនោះបាត់ស្រមោលតែម្ដង ៕​