ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ស្វាគមន៍​នាវា​ផ្ទុក​យន្ត​ហោះ​ទី​មួយ​របស់​ខ្លួន​ដែល​កែ​ច្នៃ​ចេញ​ពីនាវា​ចម្បាំង​អុីតាលី

3 ម៉ោង មុន

ទី​ក្រុង​ហ្សា​កាតា៖ ប្រទេស​ឥណ្ឌូណេស៊ី​​ស្វាគមន៍​វត្ត​មាន​នៃ​នាវា​ផ្ទុក​យន្ត​ហោះទី​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​។ វា​ជា​នាវា​កែ​ច្នៃ​ចេញ​ពី​នាវា​ចម្បាំង​អុីតាលី​ដែល​រដ្ឋាភិបាល​អះ​អាង​ថា​នឹង​ជួយ​ពង្រឹង​សន្តិ​សុខ​លំហ​សមុទ្រ​របស់​ខ្លួន​ និង​ពង្រឹង​សមត្ថ​ភាព​ឆ្លើយ​តប​ទៅ​នឹង​​ការ​ដោះ​ស្រាយ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​។ នាវាដែល​មាន​ចំណាស់​៤១​ឆ្នាំ​មួយ​គ្រឿង​នេះ​អាច​ផ្ទុក​យន្ត​ហោះ​ចម្បាំង និង​ឧទ្ធម្ភាគ​ចក្រ​ ហើយ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ពិធី​​មួយ​រៀប​ចំ​នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​នៃ​ទី​ក្រុង​ហ្សា​កាតា​ខាង​ជើង​។

កាល​ពី​ខែ​មីនា អុីតាលី​យល់​ព្រម​ប្រគល់​នាវា​នេះ​ឱ្យ​ឥណ្ឌូណេស៊ី​បន្ទាប់​ពី​ដាក់​ឱ្យ​ចូល​និវត្ត​តាំង​ពី​ឆ្នាំ​២០២៤​។ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អុីតាលី​ដើម្បី​​ពង្រីក​ទំនាក់​ទំនង​ផ្នែក​ការ​ពារ​ជាតិ​ជា​មួយ​ឥណ្ឌូណេស៊ី​។ អុីតាលី​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ទិញ-លក់​នាវា​មុជ​ទឹក និង​យន្ត​ហោះ​ចម្បាំង​ ដូច្នេះ​ក៏​ប្រគល់​នាវា​ផ្ទុក​យន្ត​ហោះ​ឱ្យ​ឥណ្ឌូណេស៊ី​ វា​គ្រាន់​បើ​ជាង​ចំណាយ​ថវិកា​ដើម្បី​ទុក​ដាក់​នាវា​នេះ​ដែរ​​។ ឧត្ដម​នាវី​ឯក​មហាម៉ាត់​ អាលី ​ថ្លែង​ថាយើង​ចង់​ប្រើ​ប្រាស់​នាវា​នេះ​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​យោធា​ជា​ជាង​សម្រាប់​ធ្វើ​សង្គ្រាម​។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ចាំ​បាច់​ យើង​ក៏​អាច​ប្រើ​នាវា​នេះ​ដើម្បី​ចូល​រួម​នៅ​ក្នុង​សមរភូមិ​ផង​ដែរ​។

លោក​យល់​ថា​នាវា​នេះ​អាច​ប្រើ​ការ​បាន​ចន្លោះ​ពី​១៥​ទៅ​២០​ឆ្នាំ​ខាង​មុខ​​ ហើយ​អាច​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​បាន​១៤​គ្រឿង​អាស្រ័យ​ទៅ​លើ​ទំហំ​របស់​ដែល​ត្រូវ​ផ្ទុក​​។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​ទី​២​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​នាវា​ផ្ទុក​យន្ត​ហោះ​បន្ទាប់​ពី​ថៃ​។ ​លោក​​អាលី​ថ្លែង​ថា​នាវា​​នេះ​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​សប្ដាហ៍​ក្រោយ​។ ចាប់​តាំង​ពី​លោក​ប្រាបូវ៉ូ​ឡើង​កាន់​តំណែង​មក​ ការ​អភិ​វឌ្ឍ​វិស័យ​ការ​ពារ​ជាតិ​គឺ​ជា​នយោ​បាយ​អាទិភាព​របស់​លោក​។ លោក​ចង់​ពង្រីក​កម្លាំង​យោធា​តាម​រយៈ​ការ​ទិញ​នាវា​មុជ​ទឹក​ នាវា​ចម្បាំង​ យន្ត​ហោះ​ចម្បាំង​ និង​មីស៊ីល និង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​ជា​មួយ​ប្រទេស​នានា​លើ​សាកល​លោក​។

ប៉ុន្តែការ​ទិញ​នាវា​ផ្ទុក​យន្ត​ហោះ​នេះ​ត្រូវ​គេ​ចោទ​ជា​សំណួរ​ថា​តើ​មាន​ការ​ចាំ​បាច់​ដែរ​ឬ​ទេ​ដ្បិត​អី​វា​ត្រូវ​ការ​ចំណាយ​ច្រើន​គួរ​សម​ដែរ​។ កាល​ពី​ឆ្នាំ​២០២៥​ ក្រសួង​ហិរញ្ញ​វត្ថុ​បាន​អនុ​ម័ត​ដក​ថវិកា​ជាតិ​៤៥០​លាន​ដុល្លារ​ដើម្បី​ជួស​ជុល​កែ​លម្អ​ឱ្យ​ក្លាយ​ជា​នាវា​ផ្ទុក​យន្ត​ហោះ​​។ ប៉ុន្តែ​ក្រុម​អ្នក​តំណាង​រាស្ត្រ​យល់​ថា​ថ្លៃ​ចំណាយ​ពិត​ប្រាកដ​អាច​នឹង​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​។ អ្នក​តំណាង​រាស្ត្រ​ម្នាក់​ថ្លែង​ថា​គ្រាន់​តែ​ការ​កែ​សម្រួល​ពី​នាវា​ចម្បាំង​ទៅ​ជា​នាវា​ផ្ទុក​យន្ត​ហោះ​ត្រូវ​ចំណាយ​ថវិកា​៩០០​លាន​ដុល្លារ​រួច​ជា​ស្រេច​​៕ ប្រភព៖ AP