ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់២នាក់ ក្នុងគ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្តបុ.កជាមួយម៉ូតូ នៅផ្លូវជាតិលេខ​៥

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មានករណី​រថយន្ត​​មួយគ្រឿង​បុកជាមួយ​​ម៉ូតូ​មួយគ្រឿង ​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នឹង​កន្លែង​កើតហេតុ​ ហើយ​រថយន្ត​ព្យាយាម​បើក​គេចដែរ​ ប៉ុន្តែត្រូវសមត្ថកិច្ច​​ស្ទាក់​ចាប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដែលហេតុការណ៍នេះ​បាន​​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៦ ​លើ​ផ្លូវជាតិ​លេខ​៥​ ស្ថិតក្នុង​​ភូមិ​កូប​កើត ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បាន​ឱ្យដឹង​ថា ​​មុនពេលកើតហេតុ ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វូ​ត​EVEREST​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​កលេខ​ ភ្នំពេញ​ 2CE-4077​ បាន​បើកបរ​តាម​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​បាន​បុក​នារី​២នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាក​​ហ្ស៊ូមម័​រអិច​ ពាក់​ផ្លា​ក់​លេខ​ បន្ទាយ​មាន​ជ័យ​ 1AE-0453​ ដែល​ធ្វើដំណើរ​​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​ពី​លិច​មក​កើត​យ៉ាង​​ពេញទំហឹង ​បណ្តាល​ឱ្យ​​នារី​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នឹង​កន្លែង​កើតហេតុ​។

​នារី​​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ ​មាន​អាយុ​​ស្របាលគ្នា​​ប្រហែល​ជិត​២០​ឆ្នាំ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ជា​អ្នក​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។​

​បន្ទាប់ពីកើតហេតុ ​ភាគី​ខាង​រថយន្តបាន​ព្យាយាម​បើក​គេច​ពី​កន្លែង​កើតហេតុ​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ទំនាក់ទំនង​ទៅ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​ និង​អ្នកបើកបរ​ ​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​។

កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា​ ក្រោយ​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​និង​ស្រុក​អូរ​ជ្រៅ​សហការ​ត្រួតពិនិត្យ​និង​វាស់វែង​រួច ហើយ​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទាំង២នាក់​ជូន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក​រថយន្ត​និង​អ្នកបើកបរ​បង្ក​គ្រោះ​ ក្រោយ​ឃាត់ខ្លួន​ កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ​ និង​អនុវត្តតាម​នីតិវិធី​ជា​បន្ត​ទៀត​ ៕