ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អាជីវករ​លក់​កង់មួយកន្លែង នៅស្រុកគិរីវង់​

3 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ ៖ មានករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អាជីវករលក់កង់​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​នៅ​ក្នុងផ្ទះ​ស្ទើរតែ​ទាំងស្រុង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១និង​៣០នាទី​រំលង​អធ្រាត្រឈាន​ចូល​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅចំណុចផ្ទះមួយកន្លែង ​ក្នុង​​ភូមិ​កំពង់​ថ្មី ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។

លោក​វរសេនីយ៍ឯក​ជា សុផល អធិការ​នគរបាល​ស្រុក​គី​រី​វង់​ បានអោយ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ប៉ែន សុខ​ជា ជា​អាជីវករលក់​កង់ និង​គ្រឿង​ម៉ាស៊ីន​។

យោង​តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​ជំនាញបាន​ឱ្យដឹង​ មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្ទះមួយកន្លែងខាងលើ​នេះ អាច​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី (​​ទុស្សេ​​ខ្សែភ្លើង​)​។

បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​ៗ លោក​វរសេនីយ៍ឯក​ជា សុផល អធិការ​នគរបាល​ស្រុក​គិរីវង់ ​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កម្លាំង​ពាក់ព័ន្ធ ចុះ​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ ទាំង​យប់ រហូតដល់​ព្រឹក​ឡើង ដើម្បី​ត្រួតពិនិត្យ និង​គ្រប់គ្រង​ស្ថានការណ៍​ផ្ទាល់​នៅ​កន្លែង​កើតហេតុ ។

ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​ទប់ស្កាត់ និង​គ្រប់គ្រង​អគ្គិភ័យ​បាន​ទាំងស្រុង ដោយ​មិន​​បណ្តាល​ឱ្យ​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នោះ​ឡើយ​ ​ហើយ​ក៏​មិនបណ្តាល​ឱ្យមនុស្សណាម្នាក់រងរបួសនោះ​ដែរ​៕​