រាជធានីភ្នំពេញ ៖ ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបាន ១២ម៉ែត្រគុប ក្នុង១វិនាទី ។
ស្ថានីយបូមទឹក បឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចាប់ផ្តើមការសាងសង់ កាលពីដើមឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់អភិបាលរាជធានីភ្នំពេញ ដែលមានទំហំ អគារ១០ម៉ែត្រគុណ និង២០ម៉ែត្រ ហើយបានបញ្ចប់ការសាងសង់កាលពីអំឡុងខែមេសាឆ្នាំ ២០២៦កន្លងមកនេះ ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន ១០០%ហើយ ដោយមានបំពាក់ម៉ូទ័រ ចំនួន ២គ្រឿង មានមុខកាត់ ១,៥០០មីលីម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន ១២ម៉ែត្រគុប ក្នុង១វិនាទី ។
ចំណែកលោក ហែន កន ចៅសង្កាត់បឹងសាឡាង ខណៈចុះពិនិត្យស្ថានីយបូមទឹកបឹងសាឡាងថ្មី នាព្រឹកថ្ងៃទី១៥ កក្កដានេះ បានឱ្យដឹងថា ក្រោយស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនារួចរាល់ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ផ្លូវម៉ៅសេទុង រហូតសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ និងមួយផ្នែកខ្លះ នៃខណ្ឌ៧មករា គឺមិនទទួលរងការលិចលង់ឡើយ ។
លោកចៅសង្កាត់បឹងសាឡាង ក្នុងនាមប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋ លែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត ។
ដោយឡែក លោកជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីសង្កាត់ទាំង៨ នៃខណ្ឌទួលគោក សង្កាត់មួយចំនួនទៀតរបស់ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ដោយមានការ យកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី ។
លោកអភិបាលបានបន្តថា ពីមុននៅស្តុបកោសដូង ជិតម៉ុងរីយ៉ាល់ ពេលភ្លៀងម្ដងៗទឹកលិច១ថ្ងៃ ទៅ២ថ្ងៃ បន្ទាប់មកនៅសល់ត្រឹមតែរយៈពេល១ម៉ោង ទៅ២ម៉ោង ប៉ុន្តែក្រោយទៀតបានកាត់បន្ថយការលិចលង់បន្តិចម្ដងៗ រហូតមកដល់ពេលដែលលោកអភិបាលរាជធានីសាងសង់ស្ថានីយបូមទឹក បឹងសាឡាងថ្មីខាងលើរួច និងបានដាក់លូខ្នាតធំ១ខ្សែថ្មីទៀត ចេញផ្លូវ២៣០ និងពីផ្លូវលេ៤៥ ចាប់ពីស្តុបកោសដូង ទៅប្រឡាយបឹងសាឡាងហើយ ស្ថានីយនេះបូមទម្លាក់ទៅប្រឡាយស្ទឹងមានជ័យ។ ឥឡូវស្ថានភាពទឹកលិចមានរយៈពេលខ្លីបំផុត តែចន្លោះពី១០ទៅ ២០នាទី ទឹកស្រកអាចស្រក់អស់ពីផ្លូវហើយ ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោកមានប្រសាសន៌បែបនេះកាលពីរសៀលថ្ងៃទី១៤ កក្កដា ម្សិលម៉ិញនេះ ក្នុងឱកាសដឹកនាំចៅសង្កាត់ មេភូមិ និងក្រុមការងារចុះពិនិត្យមើលការស្តារប្រឡាយស្ថានីយ៍បូមទឹកទួលគោកទី២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ក្រុមការងាររដ្ឋបាលខណ្ឌទួលគោក ប្រើប្រាស់គ្រឿងចក្រចំនួន ១គ្រឿង សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីស្តារប្រឡាយចំនួន៣ខ្សែ រួមមាន ៖ ប្រឡាយប្រឡាយស្ថានីយ៍បូមទឹកទួលគោកទី១ ប្រឡាយស្ថានីយ៍បូមទឹកទួលគោកទី២ និងប្រឡាយស្ថានីយ៍បូម ទឹកបឹងសាឡាង។ ក្រោយបញ្ចប់ការងារខាងលើ រដ្ឋបាលខណ្ឌទួលគោកនឹងបន្តសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះស្តារប្រព័ន្ធលូជាច្រើនខ្សែទៀតក្នុងពេលឆាប់ៗនេះ ។
ជាមួយគ្នានេះ លោក ជា ពិសី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់។ បើមានការចូលរួមពីប្រជាពលរដ្ឋ នោះការងារអ្វីក៏ទទួលបានជោគជ័យដែរ ៕











ចែករំលែកព័តមាននេះ