ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរធ្វើបាន! «ព្រលានយន្តហោះតេជោ» ឈរឈ្មោះយ៉ាងលេចធ្លោក្នុងបញ្ជីសំណង់ស្អាតបំផុតលើលោក ឆ្នាំ២០២៦

2 ម៉ោង មុន

លោក​អ្នកដឹង​ទេ តើ​កត្តា​សំខាន់​ៗ​អ្វីខ្លះ ដែល​នាំ​ឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោរ​បស់​កម្ពុជា ក្លាយជា​ព្រ​លាន​យន្តហោះ​តែ​មួយ​គត់ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​ឈ្នះ​ពានរង្វាន់​«World’s Most Beautiful Airports 2026» ក្នុង​ចំណោម​ព្រ​លាន​យន្តហោះ ឆ្នើម​ទាំង​៧ លើ​លោក?

ស្ថាប័ន​ពានរង្វាន់​ស្ថាបត្យកម្ម និង​ការ​រចនា​លំដាប់​អន្តរជាតិ ព្រី វែ​រសាយ (Prix Versailles) ដែល​សហការ​ជាមួយ​អង្គការ UNESCO បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​អាកាសយានដ្ឋាន​ឆ្នើម​ទាំង​៧ នៅ​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៦ ។

ក្នុង​នោះ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោរ​បស់​កម្ពុជា បាន​សាង​ប្រវត្តិសាស្ត្រ​ក្លាយជា​តំណាង​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ត្រូវ​បាន​ជ្រើសរើស ដោយ​បាន​ដណ្តើម​តំណែង​ដ៏​អស្ចារ្យ​នេះ បើ​ទោះបីជា​មានការ​ប្រកួតប្រជែង​ពី​ព្រ​លាន​យន្តហោះ​ធំ​ៗ​ក្នុង​តំបន់ ដូច​ជា ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃ ឬ ឆាង​ងី របស់​សិង្ហ​បុរី​ក៏​ដោយ ។

ការ​ទទួលស្គាល់​កម្រិត​ពិភពលោក​នេះ គឺ​ផ្អែក​ទៅ​លើ​គុណភាព​នៃ​ការ​រចនា ការ​គិតគូរ​ដល់​និរន្តរភាព​បរិស្ថាន និង​ការ​បង្ហាញ​អត្តសញ្ញាណ​វប្បធម៌​ដ៏​វិសេសវិសាល តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​សម័យ​ទំនើប ។

តើ​កត្តា​គន្លឹះ​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ «​ព្រ​លាន​យន្តហោះ​តេ​ជោ​» ឈ្នះ​ពានរង្វាន់​នេះ?
១/​ការ​រចនា​លំដាប់​ពិភពលោក និង​ការ​អភិវឌ្ឍ​ដោយ​ខ្មែរ ៖ គម្រោង​ដ៏​ធំ​សម្បើម​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​ចក្រភព​អង់គ្លេស Foster + Partners និង​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន OCIC​។
២/​រំលេច​ស្មារតី​វប្បធម៌​ខ្មែរ ៖ រចនាបថ​ព្រះ​បរមរាជវាំង និង​ប្រាសាទបុរាណ​ខ្មែរ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នៅ​លើដំបូល និង​រចនាសម្ព័ន្ធ​ខាងក្នុង ដែល​ជា​ការ​រចនា​ផ្អែក​លើ​លំនឹង​នៃ​ការ​ត្បាញ​កន្ត្រក​ឫស្សី និង​ផ្តៅ​តាម​បែប​ប្រពៃណី ។ ទម្រង់​ដំបូល​ដែល​ងើបឡើង​ត្រង់​ផ្នែក​កណ្តាល គឺ​រំលឹក​ដល់ «​ផ្ការំដួល​» ដែល​ជា​ផ្កា​តំណាង​ជាតិ​របស់​កម្ពុជា​។
៣/​មេត្រីភាព​នឹង​បរិស្ថាន (Eco-friendly)៖ ស្ថានីយ​អ្នកដំណើរ (Terminal) ផ្តោត​សំខាន់​លើ​ការ​ប្រើប្រាស់​លំហូរ​ខ្យល់ និង​ពន្លឺ​ធម្មជាតិ តាម​រយៈ​បង្អួច​ស្តើង​ៗ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី ។

លើស​ពី​នេះ មានការ​បង្កើត​សួន​ធម្មជាតិ (​លំហ​បៃតង​) នៅ​ចំ​កណ្តាល​អគារ និង​មាន​ផែនការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មួយ​ផ្នែក​ធំ តាម​រយៈ​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ (Solar) នៅ​ក្នុង​ទីតាំង​ផ្ទាល់​តែ​ម្តង ។

នៅ​ក្នុង​បញ្ជី​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០២៦ ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ បាន​ឈរឈ្មោះ​យ៉ាង​មាន​មោទនភាព ជាមួយ​ព្រ​លាន​យន្តហោះ​យក្ស​ដទៃ​ទៀត រួម​មាន ៖ ព្រ​លាន​យន្តហោះ​គ័ង​ចូ​វ ប៉ាយ​អ៊ិ​ន (Guangzhou Baiyun) របស់​ចិន​, ព្រ​លាន​យន្តហោះ​ហ្វ្រេ​ង​ហ្វឺ​ត ( Frankfurt) របស់​អា​ល្លឺ​ម៉​ង់​, ព្រ​លាន​យន្តហោះ ណា​វី មុំ​បៃ (Navi Mumbai) របស់​ឥណ្ឌា ព្រមទាំង​ព្រ​លាន​យន្តហោះ ភី​ត​ស៍​បឺ​គ (Pittsburgh) និង​សាន​ឌី អេ​ហ្គោ (San Diego) របស់​អា​មេ​រិ​ក ។

ក្រុមហ៊ុន OCIC បាន​បញ្ជាក់​ថា ជោគជ័យ​ដ៏​ធំធេង​នេះ គឺ​ស្តែង​ចេញពី​ការ​រួមចំណែក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ដៃគូ អ្នក​រចនា វិស្វករ និង​ក្រុមការងារ​ទាំងអស់ ។ សមិទ្ធផល​នេះ​បាន​បង្ហាញ​ថា ព្រ​លាន​យន្តហោះ​តេ​ជោ ដែល​មាន​ផ្ទៃដី​រហូត​ដល់​២,៦០០ ហិច​តា ស្ថិត​ក្នុង​ខេត្តកណ្តាល និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ដល់ ១៥ លាន​នាក់ ក្នុង​មួយ​ឆ្នាំ​សម្រាប់​ដំណាក់កាល​ដំបូង​នេះ មិនមែន​គ្រាន់តែ​ជា​កន្លែង​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​«​និមិត្តរូប​ជាតិ​ថ្មី​» ដែល​ត​ភ្ជាប់​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម វ៉ាង វិ​ន​ពី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ផ្ញើ​សារ​អបអរសាទរ​យ៉ាង​កក់ក្តៅ​ថា ៖ «​អាកាសយានដ្ឋាន​នេះ បាន​លាយ​បញ្ចូល​គ្នា​យ៉ាង​ប៉ិន​ប្រសប់​នូវ​សោភ័ណ​ភាព​ប្រពៃណី​ខ្មែរ​ជាមួយនឹង​ស្ថាបត្យកម្ម​អេកូឡូស៊ី​ទំនើប ដែល​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា និង​ទទួល​បានការ​ទទួលស្គាល់​ខ្ពស់​ពី​អន្តរជាតិ ។ ភាគី​ចិន​តែង​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ហើយ​យើង​ទន្ទឹងរង់ចាំ​អាកាសយានដ្ឋាន​លំដាប់​ពិភពលោក​នេះ ក្នុង​ការ​ជួយ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ចិន និង​កម្ពុជា ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត ។​» នេះ​ជា​មោទនភាព​ដ៏​ក្រៃ​លែង​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដែល​សំណង់​ស្ថាបត្យកម្ម​សម័យ​ទំនើប​របស់​យើង ត្រូវ​បាន​ពិភពលោក​ស្ងើចសរសើរ និង​ចាត់ទុកជា​កំពូល​សំណង់​ដ៏​ស្រស់​ស្អាត​បំផុត​ប្រចាំឆ្នាំ​២០២៦៕