រាជធានីភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិ របស់រដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជា សម្រាប់ការងារបណ្តោះអាសន្ន នៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានានៃរដ្ឋអ៊ីស្រាអែល ។


នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការរៀបចំអនុវត្តកិច្ចព្រមព្រៀងការងារដែលភាគីទាំងពីរ បានខិតខំចរចារហូតឈានដល់ការបញ្ចប់ដោយជោគជ័យ ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដោយបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្ម ប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព ។

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ស្ថានទូត និងស្ថាប័នពាក់ព័ន្ធរបស់អ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីអ៊ីស្រាអែល ដើម្បីធានាឱ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរកម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការងារទៅកាន់វិស័យដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ផ្សេងទៀត ។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃភាគីទាំងពីរ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការយ៉ាងសកម្មរហូតសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការពេញចិត្ត ចំពោះបទពិសោធជោគជ័យរបស់កម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែល នាពេលកន្លងមក និងបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម វិន័យ និងការប្តេជ្ញាចិត្តក្នុងការងាររបស់យុវជនកម្ពុជា ។ លោកជំទាវជឿជាក់ថា ពលករកម្ពុជានឹងបន្តបង្ហាញសមត្ថភាព និងក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់និយោជកអ៊ីស្រាអែល ។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យចាប់ផ្តើមបាន ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ។

សូមបញ្ជាក់ថា កម្ពុជា និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះនឹងបើកឱកាសឱ្យពលករកម្ពុជាចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែលដោយស្របច្បាប់ និងទទួលបានការការពារសិទ្ធិ និងសុខុមាលភាពស្របតាមស្តង់ដាអន្តរជាតិ ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ចាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធពីភាពជោគជ័យរបស់អ៊ីស្រាអែលក្នុងវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ