ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិកប្តេជ្ញាឈរជាមួយសម្ព័ន្ធមិត្តឈូងសមុទ្រពែរ្ស ខណៈកំពុងចរចាស្វែងរកសន្តិភាពជាមួយអ៉ីរ៉ង់

1 ម៉ោង មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យ៉ូ​ អះអាង​កាលពី​ថ្ងៃ​ទី​២៤​ មិថុនា​ ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​នៅ​ឈរ​ពេញលេញ​ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​ក្នុង​ការ​ចរចា​របស់​ខ្លួន​ជាមួយ​អ៉ី​រ៉​ង់ ខណៈ​សហរដ្ឋអាមេរិក​ខិតខំ​ស្វែង​រក​ដំណោះស្រាយ​ស្ថិតស្ថេរ​មួយ​នៃ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​សំដៅ​ពង្រឹង​ទឹកចិត្ត​របស់​បណ្ដា​សម្ព័ន្ធមិត្ត​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ លោក​រ៉ូ​ប៊ី​យ៉ូ​ ថ្លែង​នៅ​គុយ​វ៉ែត​ថា សហ​រដ្ឋអាមេរិក​ប៉ុនប៉ង​ពិភាក្សា​ ជាមួយ​ពួក​គេ​ពី​ការ​សម្រេចចិត្ត​នីមួយ​ៗ​​ដែល​ប្រកាន់​យក​នឹង​ការ​ចរចា​ដែល​កំពុង​ធ្វើ​ជាមួយ​
អ៉ី​រ៉​ង់​ ។ បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​រង​គ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ការ​វាយលុក​របស់​អា​មេ​រិ​ក​ និងអ៊ី​ស្រា​អែ​ល​ប្រឆាំង​អ៉ី​រ៉​ង់​ដែល​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ ។ ក្នុង​ប្រទេស​ទាំងនោះ​ មាន​មូលដ្ឋាន​យោធា​អា​មេ​រិ​ក ហើយ​រង​ការ​វាយប្រហារ​សងសឹក​ដោយ
​ដ្រូ​ន ​និង​មី​ស៊ី​លអ៉ី​រ៉​ង់ ​។

មុន​​មក​កាន​គុយ​វ៉ែត​ លោក​រ៉ូ​ប៊ី​យ៉ូ​បាន​ទៅ​កាន់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដោយ​លោក​សន្យា​ចំពោះ​ប្រធានាធិបតី​ប្រទេស​នោះ​ពី​ការ​ជួយ​ខាង​កិច្ច​ការពារ​សន្តិសុខ​ ។ បន្ទាប់​មក ​លោក​ទៅ​កាន់​បា​រ៉ែ​ន​ចូលរួម​នា​ថ្ងៃ​ទី​២៥​ មិថុនា ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​CCG ។ ទន្ទឹម​នឹង​នេះ​ ការ​ពិភាក្សា​ពី​ការ​បង្រួបបង្រួម​រវាង​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ និង​អ៉ី​រ៉​ង់ គ្រោង​ធ្វើ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ ក្នុង​កាលបរិច្ឆេទ​មួយ​ដែល​នៅ​មិន​កំណត់​នៅឡើយ​ ។

ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៉ី​រ៉​ង់ អតីត​ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​កមួយ​រូប ​លោកស្រី​WENDY SHERMAN អះអាង​ថា ក្រុង​តេ​ហេ​រ៉​ង់ ចាក​ចេញពី​សង្គ្រាម​ក្នុង​ជំហរ​ខ្លាំង​មួយ​ជាង​អា​មេ​រិ​ក​ ។ លោកស្រី​ដែល​ជា​អតីត​អ្នក​ចរចា​ម្នាក់​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់​ឆ្នាំ​២០១៥ បាន​សម្ដែង​ការ​សាទរ​ ចំពោះ​ការ​ចរចា​នា​ពេល​បច្ចុប្បន្ន​រវាង​អា​មេ​រិ​ក ​និង​អ៉ី​រ៉​ង់ តែ​ដោយ​ព្រមាន​ពី​ភាព​មិន​ច្បាស់លាស់​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ជា​ស្ថា​រ​ពរ​មួយ​ ។ ទាក់ទិន​ការ​ព្រមព្រៀង​ពី​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ ​លោកស្រី​ថា ហាក់ដូចជា​ផ្ដល់​ប្រៀប​ខ្លាំង​ដល់​អ៉ីរ៉​ង់​ ៕