ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​រួបរួម​ជំរុញ​ចលនា​ជាតិ​ទូ​ទាំង​ប្រទេស​ក្នុង​ការ​លើកកម្ពស់​ការអប់រំ​ពី​ផល​ប៉ះពាល់ និង​វិនាសកម្ម​នៃ​គ្រឿងញៀន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​រួបរួម​គ្នា​ជា​ធ្លុង​មួយជំរុញ​ចលនា​ជាតិ​ទូ​ទាំង​ប្រទេស ចូលរួម​គ្រប់​មធ្យោបាយរូបភាព និងវិធីសាស្ត្រ​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ពី​ផល​ប៉ះពាល់ និង​វិនាសកម្ម​នៃ​គ្រឿងញៀន និង​បន្ត​បណ្តុះ​ស្មារតី​ជាតិ «​សង្គម​កម្ពុជា គឺជា​សង្គម​ដែល​ស្អាតស្អំ​ប្រកបដោយ​ភាព​សុ​ខុ​ដុមរ​មនា ដាច់ខាត​មិន​ត្រូវការ​គ្រឿងញៀន​»​ ។ ​នេះ​បើ​តាម​តាម​រយៈ​សារលិខិត​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦​។

តាម​រយៈ​សារលិខិត​ដដែល សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំងអស់ បន្ត​ធ្វើ​ជា​ស្ពាន​ត​ភ្ជាប់​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​រាយការណ៍​រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទតាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ App NoDrug និង​ប្រព័ន្ធ Hotline ដើម្បី​យក​បញ្ហា​នេះ​ចេញពី​សហគមន៍ និង​ឈាន​ទៅ​សម្អាត​ភូមិ ឃុំ សង្កាត់​របស់​ខ្លួន​ឱ្យ​ក្លាយជា​ភូមិឃុំសង្កាត់គ្មាន​គ្រឿងញៀន​។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត ជា​ពិសេស​កម្លាំង​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ ត្រូវ​យកចិត្តទុកដាក់​បោសសម្អាត​បទល្មើស​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន ដោយ​ប្រើប្រាស់​ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ សំដៅ​ធ្វើ​យ៉ាងណា​លុប​បំបាត់​ទាំងស្រុង ការ​ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍ និង​ត្រូវ​មាន​ភាព​បុ​រេ​សកម្ម​ឆ្លើយ​តប​ដោះស្រាយ​ទាន់ ពេល​រាល់​បណ្ដឹង និង​ការ​រាយ​ការណ៍​ពាក់ព័ន្ធ​ករណី​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ពី​សំណាក់​ប្រជាពលរដ្ឋ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា គ្រប់​វិស័យ​ទាំង​រដ្ឋ និង​ឯកជន ត្រូវ​ខិតខំ​បញ្ជ្រាប​ខ្លឹមសារ​អប់រំ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ទៅ​តាម​ស្ថាប័ន​អង្គភាព និង​សហគ្រាស​រៀង​ៗ​ខ្លួន នៅ​តាម​គ្រប់​កម្មវិធី វេទិកា រូបភាព ទម្រង់ និង​មធ្យោបាយ​នានា ជា​ពិសេស​ព្រឹត្តិការណ៍​ដែល​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ច្រើន​ដូច​ជា សិល្បៈ វប្បធម៌ កីឡា និង​សាសនា ជាដើម​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា រាល់​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ចំណុះ​ក្រសួង ស្ថាប័នទាំងអស់ ត្រូវ​បន្ត​ភាព​ស្អាតស្អំ និង​ភាព​ជា​គំរូ​នៃ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន ដោយ​ត្រូវ​ជៀស​ដាច់ខាត​ពី​ការ​ប្រើប្រាស់ និង​ការ​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿង ញៀន និង​សារធាតុ​ញៀន​ខុសច្បាប់​នានា ដោយ​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​បទបញ្ជា​លេខ​០១ បប និង​បទបញ្ជា​លេខ​០២ បប «​គោលការណ៍​សម្អាតផ្ទះ​»  និង «​សម្អាត​ចក​ចេញពី​បឹង​»​

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា យុវជន យុវនារី សិ​ស្សា នុ​សិស្ស ត្រូវ​ខិតខំ​បន្ត​ស្វែង​យល់​ពី​ផល​ប៉ះពាល់ និង​វិនាសកម្ម​នៃ​គ្រឿងញៀន និង​ត្រូវ​ពង្រឹងស្មារតី និង​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ជៀស​ឱ្យ​ឆ្ងាយ​ដាច់ខាត​ពី​ការ​សេព​គ្រឿងញៀន និង​សារធាតុ​ញៀន គ្រោះថ្នាក់​នានា ដូច​ជា​៖ បារី​អេ​ឡិច​ត្រូ​និក វែប ស៊ី​ហ្សា និង​សូម​លើកទឹកចិត្ត​ដល់​អង្គការ​យុវជន​សំខាន់​ៗ​ដូច​ជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) កាយរឹទ្ធិ​ជាតិ​កម្ពុជា និង​យុវជន​កាកបាទក្រហមកម្ពុជា ចូលរួម​ជំរុញ​បញ្ជ្រាប​ខ្លឹមសារ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ឱ្យ​បាន​ទូលំទូលាយ​ដល់​យុវជន​ទូ​ទាំង​ប្រទេស​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​លើកទឹកចិត្ត​ជនរួមជាតិ​ទាំងអស់ ជា​ពិសេស យុវជន យុវនារី សិ​ស្សា​នុ​សិស្ស ត្រូវ​បំផុសគំនិត​ច្នៃប្រឌិត​ថ្មី​ៗ​នានា តាម​រយៈ​បច្ចេកទេស វិទ្យាសាស្ត្រ ឌី​ជី​ថ​ល និង​បញ្ញា​សិប្បនិម្មិត ដែល​អាច​បម្រើ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ស្រប​តាម​ខ្លឹមសារ​នៃ​ទិវា និង​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​នៃ​យុគសម័យ​ឌី​ជី​ថ​ល​។ រាល់​មជ្ឈមណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ទាំង​រដ្ឋ និង​ឯកជន ត្រូវ​គោរព​អនុលោម​តាម​និយាម​នីតិវិធី​ប្រតិបត្តិ (SOP) ដែល​បាន​កំណត់ និង​ត្រូវ​បំពេញ​តួនាទី​ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​មេត្តាធម៌ ដើម្បី​ចូលរួម​ជាមួយ​រាជរ​ដ្ឋា ភិ​បាល ក្នុង​ការ​កសាង​ធនធានមនុស្ស​ឡើង​វិញ​សម្រាប់​សង្គម​ជាតិ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​នេះ មាតា បិតា អាណាព្យាបាល និង​អ្នក​ញៀន​គ្រឿងញៀន​ទាំងអស់ ត្រូវ​មាន​ស្មារតី​ឆន្ទៈ​ក្នុង​ការ​ទទួលយក​សេវា​ព្យាបាល និង​ស្តារ​នីតិសម្បទា ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​ផ្តាច់​គ្រឿង​ញៀន និង​មានឱកាស​ក្នុង​ការ​សមាហរណកម្ម​ចូលរួម​ជាមួយ​ជីវភាព​ក្នុង​សង្គម​វិញ​បាន​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ធិ​បតី​ក៏​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ក្រុមហ៊ុន សហគ្រាស សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​នានា បន្ត​ចូលរួម​សហការ ឧបត្ថម្ភ គាំទ្រ​ដល់​ការងារ​លើកកម្ពស់ ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន និង​លើកទឹកចិត្ត​ក្នុង​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​នេះ សម​ស្រប​តាម​ទស្សនវិស័យ «​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»