សង្គ្រាមអ៉ីរ៉ង់ ៖ ពេលដែលតម្លៃប្រេងបន្តធ្លាក់ចុះ ប្រេងឆៅ BRENT បានធ្លាក់ថ្លៃច្រើនមកនៅក្រោម៧៤ដុល្លារក្នុង១ធុង កាលពីរសៀលថ្ងៃទី២៤ មិថុនា បន្ទាប់ពីធ្លាក់មកនៅក្រោម៧៥ដុល្លារ១ធុង ដែលនោះ ជាលើកដំបូងតាំងពីចាប់ផ្ដើមសង្គ្រាមនៅអ៉ីរ៉ង់
ពីថ្ងៃទី២៨ កុម្ភៈ មក ។

ទំនុកចិត្តរបស់ពួកអ្នកវិនិយោគផ្ដោតលើការកើនឡើងនៃការឆ្លងកាត់បាននៃច្រកសមុទ្រហ័រមូសរបស់បណ្ដានាវាដឹកប្រេង និងការរីកចម្រើនក្នុងការចរចាសន្តិភាពរវាងអាមេរិក និងអ៉ីរ៉ង់ ។ ប៉ុន្ដែ ការខ្វែងទំនាស់គ្នានៅតែមាន លើការធ្វើអធិការកិច្ចទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ និងរឿងទណ្ឌកម្មដែលនៅមិនទាន់អាចដោះស្រាយស្រេចបាច់ ។ បែបនោះនាំឲ្យមានបញ្ហាចោទលើភាពគត់មត់នៃកិច្ចព្រមព្រៀង ។
ទន្ទឹមនឹងនេះ ការធ្វើចរាចរណ៍កាត់ច្រកសមុទ្រហ័រមូសរបស់បណ្ដានាវា កាន់តែពង្រីកឡើងវិញជាបន្តបន្ទាប់ ក្រោយច្រើនខែត្រូវបិទខ្ទប់ ទោះបីនៅមិនទាន់ដល់កម្រិតមុនសង្គ្រាមក្ដី ។ មុនជម្លោះច្រកសមុទ្រវហ័រមូសមាននាវាឆ្លងកាត់រវាងពី១២៥ ទៅ១៤០គ្រឿងក្នុងមួយថ្ងៃ ។ ចំណែកប្រេងដឹកឆ្លងកាត់ច្រកសមុទ្រនេះក្នុងមួយថ្ងៃមានដល់ប្រមាណ២០លានធុង ។ តម្លៃប្រេងពេលនេះ ធ្លាក់ចុះប្រមាណជាជិត៤០%បើប្រៀបធៀបទៅនឹងតម្លៃកំពូលអំឡុងពេលសង្គ្រាម ដែលតម្លៃប្រេង BRENT ឡើងដល់រង្វង់១១៨ដុល្លារក្នុង១ធុង ។
កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កាលពីថ្ងៃទី២៥ មិថុនា បានព្រមានពីការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាត និងគំរាមបណ្ដានាវា ដែលពុំព្រមធ្វើតាមវិធានការការនោះ ។ ទោះមានការបើកច្រកសមុទ្រនោះឡើងវិញ តាមរយៈកិច្ចព្រមព្រៀង ជាមួយអាមេរិកក្ដី ក៏អ៉ីរ៉ង់នៅតែទាមទារត្រួតត្រាច្រកសមុទ្រនេះ ៕

ចែករំលែកព័តមាននេះ